(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៦ ខែមិថុនានេះ បានថ្លែងបញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍ការគ្រប់គ្រងអ្នកជំងឺ និងគ្រូពេទ្យរបស់យើង ឱ្យកាន់តែងាយស្រួល រហ័ស ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសុក្រិតនៅថ្ងៃនេះ ក្រសួងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធមន្ទីរពេទ្យឌីជីថល ដែលមានឈ្មោះថា «ពេទ្យយើង» ដោយដំបូងគេ គឺធ្វើនៅមន្ទីរពេទ្យព្រះអង្គឌួងជាមុនសិន។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងថា «ពេលដែលយើងដាក់នូវប្រព័ន្ធគ្រប់គ្រងបែបឌីជីលនេះហើយ រាល់អ្នកជំងឺ ដែលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង យើងនឹងធ្វើកាត ឬបណ្ណសុខភាពជូនពួកគាត់ ដោយបណ្ណនេះ មានភ្ជាប់រូបថត អាសយដ្ឋាន ដោយបញ្ជូលទិន្នន័យរបស់អ្នកជំងឺម្នាក់ៗ ដូច្នេះពេលគាត់មកពិនិត្យលើកក្រោយ យើងនឹងដឹងពីប្រវត្ដិអ្នកជំងឺ ងាយស្រួលតាមដានថា អ្នកជំងឺ ឈឺអ្វី កាលបរិច្ឆេកមកពេទ្យពេលណា បញ្ជួនទៅកន្លែងណា ម៉ោងប៉ុន្មាន ផ្តល់ឱសថអ្វីខ្លះ ដែលនេះជាភាពងាយស្រួលមួយ ដល់គ្រូពេទ្យ ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ បានលឿនរហ័ស និងមានគុណភាព»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់អ្នកជំងឺ ដែលបានទទួលបណ្ណសុខភាពនេះហើយ ពេលមកពិនិត្យលើកក្រោយ សូមយកបណ្ណនេះមកភ្ជាប់ជាមួយផង ដើម្បីងាយស្រួលស្កែនបារកូត ដឹងពីប្រវត្ដិជំងឺ និងព្យាបាលបានឆាប់រហ័ស។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា «ប្រសិនបើដំណើរការលើកដំបូងនៅមន្ទីរពេទ្យព្រះអង្គឌួងនេះជោគជ័យ យើងនឹងឈានទៅដាក់ឱ្យប្រើប្រាស់ នៅតាមបណ្ដាលមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត នៅទូទាំងប្រទេស។ ប៉ុន្ដែត្រូវបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យជាមុនសិន ពីរបៀបប្រើប្រាស់ប្រព័ន្ធនេះ ឱ្យស្របទៅតាមស្តង់ដាតែមួយនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ដោយកាន់តែកាត ឬបណ្ណនេះទៅជាមួយ ទោះទៅមន្ទីរពេទ្យណាក៏ដោយ មន្ទីរពេទ្យនឹងដឹងពីប្រវត្ដិនៃជំងឺរបស់អ្នកជំងឺហើយ។ តែពេលនេះ បណ្ណសុខភាពនេះ យើងប្រើបានតែនៅពេទ្យព្រះអង្គឌួងតែប៉ុណ្ណោះ»។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងឱ្យដឹងថា «បន្ទាប់ពីមន្ទីរពេទ្យយើង ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងបែបឌីជីថលនេះ យើងបានធ្វើកាតឱ្យអ្នកជំងឺជិត ២ពាន់នាក់ហើយ។ ដូច្នេះអ្នកជំងឺដែលមានបណ្ណនេះហើយ ពេលគាត់មកពិនិត្យលើកក្រោយ សូមឱ្យកាន់មកជាមួយផង ដើម្បីគ្រូពេទ្យយើង ពិនិត្យមើលពីប្រវត្ដិ និងងាយស្រួល ក្នុងការគ្រប់គ្រងជំងឺរបស់គាត់ និងព្យាបាលបានលឿនរហ័ស ប្រកបដោយប្រសិទ្ធិភាពខ្ពស់»។
ក្នុងឱកាសនោះដែរ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន First Womentech Asia ដែលជាអ្នកផលិតកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ឈ្មោះថា «ពេទ្យយើង» បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រព័ន្ធនេះ នឹងជួយឱ្យកម្ពុជា មានប្រព័ន្ធគ្រប់គ្រងទិន្នន័យសុខភាពរបស់អ្នកជំងឺ មានភាពងាយស្រួលដូចនឹងបណ្ដាប្រទេសផ្សេងៗទៀត ក្នុងការគ្រប់គ្រងទៅលើសេវាព្យាបាលអ្នកជំងឺកាន់រហ័ស និងមានប្រសិទ្ធិភាព៕