(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨ មានជនពិការចំនួន៥,៨៦៨នាក់ហើយ បានបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ និងវិស័យឯកជននានានៅទូទាំងប្រទេស។
លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់នឹងគិតគូរអំពីសុខុមាលភាព និងផលប្រយោជន៍ផ្សេងៗទៀត របស់ជនមានពិការភាពឲ្យមានការឱកាសសមរម្យ ព្រមទាំងបានបំផុសលើកទឹកចិត្ត ដល់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនជ្រើរើសជន មានពិការភាពចូលបម្រើការងារ ជាក់ស្តែកាលពីឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួង ស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចូលបម្រើការងារចំនួន ២,៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១,៤៧៨នាក់ ស្មើនឹង៤.៤៧១នាក់ បើគិតជាភាគរយ១.៩៣%។
លោកបន្តថា ដោយឡែកវិស័យឯកជនវិញ ក្រសួងក៏បានប្រមូលទិន្នន័យតែរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ) លើ៧៧អង្គភាព គឺមានជនមានពិការភាពចូលបម្រើការងារ ចំនួន៣,០៥៥នាក់ ក្នុងមានស្រ្តី១,៩៤៧នាក់ កម្រិតធ្ងន់ចំនួន ៤២០នាក់ សរុបគឺស្មើ ៣,៤៧៥នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូលមានចំនួនជនពិការ ៥.៨៦៨នាក់។
ការលើកឡើងរបស់លោក ញឹក វណ្ណារ៉ា ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ គោលការណ៍ណែនាំការអនុវត្តថ្នាក់ជាតិ ស្តីពីការគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងការងារសម្រាប់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៧៥នាក់។
លោក ញ៉ឹក វណ្ណារ៉ា ក៏បានបញ្ជាក់សង្កត់ធ្ងន់យ៉ាងដូច្នេះថា កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយកដ្ឋានសុខុមាលភាពជនពិការ និងអង្គភាពពាក់ព័ន្ធ បានសហការធ្វើការផ្គូរផ្គងជនមានពិការភាព ឲ្យចូលបម្រើការងារ ទាំងវិស័យរដ្ឋ និងវិស័យឯកជន បានជួបប្រទះនូវឧបសគ្គមួយដ៏ធំគឺ «ឧបសគ្គផ្នែកឥរិយាបទ និងអកប្បកិរិយារបស់បងប្អូនជនមានពិការភាពយើង»។
លោកថា ពួកគេមិនទាន់បានប្រតិបត្តិខ្លួនឱ្យបានត្រឹមត្រូវ តាមតម្រូវការរបស់និយោជក ឬអ្នកគ្រប់គងរបស់គេឡើយ ដោយពួកគេភាគច្រើនគឺមិនទាន់មានជំនាញទំនាក់ទំនង នឹងរក្សាគុណភាពនៃការងារល្អ ប្រកបដោយវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ សេចក្តីស្មោះត្រង់ ភាពឈ្លាសវៃ និងការព្យាយាមអត់ធ្មត់ក្នុងកិច្ចការងារដែលជាភារកិច្ចរបស់បងប្អូនជនមានពិការភាពយើងដែលត្រូវប្រតិបត្តិជាចាំបាច់។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានបង្ហាញថា នេះជាលើកទី១ហើយ ដែលប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ គោលការណ៍ណែនាំការអនុវត្តថ្នាក់ជាតិ ស្តីពីការគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងការងារសម្រាប់ជនមានពិការភាព។
លោកបន្តថា ជាលទ្ធផលទទួលបានសេចក្តីព្រាងជាលើកទី១ ដែលបានផ្តោតសំខាន់លើការដោះស្រាយឧបសគ្គ ចំពោះឱកាសការងារស្មើភាពគ្នា សម្រាប់ជនមានពិការភាព ការបង្កើតឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់គ្រាន់ គ្រប់កម្រិតសិក្សា និងវិធានការការងារដែលអនុញ្ញាត ឲ្យមានការឆ្លើយតបសមរម្យ ចំពោះទីផ្សារការងារដែលមានការប្រែប្រួលលឿន និងមានការប្រកួតប្រជែងខ្ពស់។ សិក្ខាសាលាក៏បានគាំទ្រដល់សិទ្ធិជនមានពិការភាព វិធីសាស្រ្តផ្អែកលើលទ្ធផល និងការព្យាយាមដើម្បីសមធម៌ បរិយាប័ន្ន គុណភាព និងប្រសិទ្ធភាព ហើយបានទទួលស្គាល់ថា ការបង្កើតយន្តការគាំទ្រដ៏មានភាពសក្តិសិទ្ធមួយ ត្រូវការពេលវេលា ភាពបត់បែន និងការសម្របសម្រួលច្បាស់លាស់តាមពេលវេលា៕