(ភ្នំពេញ)៖ លោក Nathan M. Belete លោក Nathan M. Belete នាយកប្រតិបត្តិផ្នែកកសិកម្មនៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៉ីប៉ាស៉ីហ្វិក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ធនាគារពិភពលោកបានត្រៀមថវិកាចំនួន៦០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការចែកដីឲ្យកសិករគ្មានដី និងមានដីតិចតូច ដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរាយការណ៍ជូនពីវឌ្ឍនភាព នៃគម្រោងស្តីពីការបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងស្នើសុំអនុសាសន៍ ដើម្បីធ្វើការកែលម្អលើចំណុចខ្វះខាត នៃការអនុវត្តគម្រោងនេះ។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម។ នេះបើតាមការចុះផ្សាយក្នុង Facebook លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក Nathan បានបញ្ជាក់ថា «ទន្ទឹមនឹងការអនុវត្តន៍គម្រោងដំណាក់កាលទី២ គម្រោងដំណាក់កាល៣ បាននិងកំពុងដំណើរការក្នុងការរៀបចំ ដែលត្រូវការថវិកាប្រមាណជា១០០លានដុល្លារអាមេរិក ដែលក្នុងនេះ ធនាគារពិភពលោក បានត្រៀមថវិកាចំនួន៦០លានដុល្លារអាមេរិករួចហើយ ហើយថវិកាចំនួន៣០លានដុល្លារអាមេរិកសង្ឃឹមថា បានទទួលពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ហើយនិងថវិកាដែលនៅសេសជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល»។
លោក Nathan M. Belete ក៏សង្ឃឹមថា លោករដ្ឋមន្ត្រី និងសហការី នឹងបន្តកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការគាំទ្រក្នុងការអនុវត្តគម្រោងនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ដើម្បីជាប្រយោជន៍ដល់អ្នកទទួលផល ជាពិសេសប្រជាកសិករក្រីក្រ និងងាយរងគ្រោះ និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងគម្រោង LASED II នេះវិញ លោកបានរាយការណ៍ជូន លោករដ្ឋមន្រ្តីជ្រាបថា គោលបំណងចំបងរបស់គម្រោងនេះ គឺជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះ បានជួយគាំទ្រ ដល់គម្រោងសម្បទានដីសង្គមកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតូច ដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។
លោកថា គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ ជូន៤,៤៤១គ្រួសារ តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្រ បច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាមរយៈការបង្កើនប្រាក់ចំណូល។ គម្រោងមានរយៈពេល៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប២៥លានដុល្លារ។
«បច្ចុប្បន្ន ដោយមានកិច្ចសហការយ៉ាងល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងបាននិងកំពុងអនុវត្ត ទៅតាមកម្មវិធីដូចបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទន ដោយកម្រិតជីវភាពគ្រួសាររបស់សម្បទានិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Nathan M. Belete។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះ ក៏មានវិស័យកសិកម្មផងដែរ ដែលកំពុងស្ថិតក្នុងតំណាក់កាល ធ្វើការផ្លាស់ប្តូរពីកសិកម្មយថាកម្ម ទៅជាកសិឧស្សាហកម្ម កសិពាណិជកម្ម និងកសិទេសចរណ៍ ដោយផ្តោតជាសំខាន់លើការធ្វើ ពិពិធកម្មកសិកម្ម ទំនើបកម្មកសិកម្ម និងការផលិតតាមលក្ខណបច្ចេកទេសសមស្រប និងមានស្តង់ដារក្នុងការកែច្នៃ ដើម្បីនាំចេញប្រកបដោយគុណភាព អនាម័យ និងភូតគាមអនាម័យ ឆ្លើយតបតាមតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបន្តថា ធ្វើយ៉ាងនេះ គឺដើម្បីឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាតកម្លាំងពលកម្មក្នុងស្រុក ការប្រែប្រួលអាកាសធាតុ និងជាពិសេសខិតខំសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយលោក សង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការ ធ្វើប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ធ្វើយ៉ាងនេះ ដើម្បីបង្កើន តម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្ថិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងបំពេញ ខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម៕