(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជំរុញឱ្យមានការត្រួតពិនិត្យអាហារឱ្យបានត្រឹមត្រូវ ជាពិសេសព្រឹត្តិការណ៍ហូបនំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនាខាងមុខនេះ ដោយមិនត្រូវឱ្យមានករណីពុលនំនេះឡើយ ហើយសម្តេចបង្ហើបថា ការពិនិត្យម្ហូបអាហាររបស់សម្តេច ត្រូវបានធ្វើឡើងតាំងពីឆ្នាំ១៩៧៩ ក្នុងពេលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេសមកម្ល៉េះ ដើម្បីធានាដល់សុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា មិនមែនតែនាយករដ្ឋមន្ត្រីកម្ពុជាទេ ដែលមានទម្លាប់ពិនិត្យអាហារមុនពេលបរិភោគ សូម្បីតែប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីនៃប្រទេសនានា ក៏សុទ្ធតែធ្វើដូចគ្នាដែរ ព្រោះវាទាក់ទងនឹងសុវត្ថិភាពរបស់ជាតិ។ ការធ្វើបែបនេះដើម្បីការពារខ្លាចមានករណីបំពុលណាមួយកើតឡើង។
សម្តេចមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងពិនិត្យអាហារសម្រាប់ខ្ញុំនេះ មិនមែនទើបតែឥឡូវទេ ពិនិត្យតាំងពីឆ្នាំ១៩៧៩ តាំងពីខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេសឯណោះ ព្រោះគេធានាសុវត្ថិភាពសម្រាប់យើង»។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកដែរថា ពេលដែលសម្តេចទៅស្រាយបួសបងប្អូនខ្មែរអ៉ីស្លាម អត់មាននរណាពិនិត្យម្ហូបសម្រាប់សម្តេចទេ ហើយពេលទៅស្រាយបួសនៅបឹងកក់ ក៏អត់មាននរណាពិនិត្យនំបញ្ចុក អត់ពិនិត្យសម្លគីរី អត់ពិនិត្យអ្វីដែលសម្តេចហូបដែរ។ ប៉ុន្តែបើនៅផ្ទះសម្តេចវិញមុននឹងយកម្ហូបមកពីផ្សារ គឺគេចាប់ផ្តើមយកទៅពិនិត្យជាមុនសិន ដល់ពេលពិនិត្យរួចហើយ ទើបបញ្ជាក់មកអ្នកចង្ក្រានជើងឆ្នាំងឱ្យដាំស្ល។
ទោះបីជាយ៉ាងណាក៏ដោយ ទម្លាប់នៃការពិនិត្យម្ហូបអាហារបែបនេះ ធ្វើឱ្យសម្តេចមានការធុញទ្រាន់ក៏មាន ប៉ុន្តែដើម្បីសុវត្ថិភាពសម្តេចត្រូវតែរក្សាទម្លាប់នេះ។ សម្តេចបន្តថា «អ៉ីចឹង បានជាខ្ញុំមានពេលខ្លះសួរថា ម៉េចក៏ធ្វើយូរម្លេះ? ខ្ញុំឃ្លានហើយមិនទាន់បានបាយហូប គេប្រាប់ថាមូលហេតុយឺតព្រោះតែ គេរវល់តែយកសាច់ យកបន្លែទៅពិនិត្យ»។
ពេលនិយាយពីការបរិភោគនំបញ្ចុកនោះទៀតសោត សម្តេចតេជោ ហ៊ុន សែន នៅតែជំរុញឱ្យមានការប្រយ័ត្នប្រយែង កុំឱ្យមានករណីពុលនំបញ្ចុក ដែលអាចនាំឱ្យមានការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ទោះយ៉ាងណាសម្តេចតេជោរំពឹងថា នឹងមានបញ្ហាអ្វីកើតឡើងនោះទេ ឱ្យតែធ្វើឱ្យមានអនាម័យ៕