(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា បានរៀបចំទិវា នៃភាពច្នៃប្រឌិតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសេវាកម្មហិរញ្ញវត្ថុថ្មី របស់ធនាគារមួយនេះ សំដៅជួយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងជួយដល់ការរីកចម្រើន នៃអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
ទិវានៃភាពច្នៃប្រឌិតរបស់ធនាគារឯកទេសវីង ត្រូវបានរៀបចំឡើងជាលើកដំបូង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ ដៃគូសហការ និងអតិថិជនរបស់ធនាគារឯកទេសវីង។ ព្រឹត្តិការណ៍នេះ ក៏មានជាកម្មវិធីកិច្ចពិភាក្សាលើប្រធានបទស្តីពី «ដំណើរទៅកាន់ប្រព័ន្ធឌីជីថល នៃអាជីវកម្មខ្នាតតូច និងមធ្យម» ដែលអ្នកជំនាញនឹងពិភាក្សា អំពីការដាក់ប្រព័ន្ធឌីជីថល សម្រាប់ដំណើរការនៃសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ក្នុងអំឡុងកម្មវិធីនេះ ធនាគារឯកទេសវីង ក៏បានប្រកាសអំពីការដាក់សម្ពោធជាថ្មី នៃផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកគណនេយ្យ ដែលត្រូវបានបង្កើតឡើង សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។ ភាពជាដៃគូនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង នឹងអាចប្រើប្រាសប្រព័ន្ធគណនេយ្យនៃក្រុមហ៊ុន BanhJi ដោយឥតគិតថ្លៃ សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ទោះបីជាសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ យើងឃើញថាអាជីវកម្មប្រភេទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ហេតុដូច្នេះ សេវាកម្មរបស់ធនាគារឯកទេសវីង នឹងជួយសម្រួលលើបន្ទុកមួយនេះ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ អាចផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ពួកគេ។
លោក ម៉ាឡូឡស បានបន្តថា «គន្លឹះនៃភាពជោគជ័យរបស់យើង ស្ថិតនៅត្រង់ថា យើងតែងតែធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន តែជាមួយគោលបំណងដូចគ្នា ពោលគឺផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់ នូវសេវាកម្មហិរញ្ញវត្ថុ ដែលមានងាយស្រួលសម្រាប់រាល់ប្រជាជនកម្ពុជា។ ធនាគារឯកទេសវីង មានសេចក្តីរីករាយក្នុងការប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន BanhJi ដែលជាក្រុមហ៊ុនច្នៃប្រឌិតថ្មី ដែលគុណតម្លៃដូចនឹងគុណតម្លៃ របស់វីងក្នុងការធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន»។
លោក ស៊ីម ចាន់គិរិរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi បានថ្លែងថា ការចាប់ដៃគូសហការជាមួយធនាគារឯកទេសវីង នឹងបើកឱកាសដ៏ធំធេង និងគួរឲ្យចាប់អារម្មណ៍សម្រាប់អាជីវកម្មរាប់ពាន់នៅក្នុងប្រទេស។ ក្រុមហ៊ុន BanhJi សង្ឃឹមថា នឹងមានការផ្លាស់ប្តូរលើផ្នែកប្រព័ន្ធឌីជីថលជាវិជ្ជមាន នៅលើសហគ្រាសខ្នាតតូចនិងមធ្យម។
លោក ស៊ីម បានបន្តថា «យើងសង្ឃឹមថា ដំណើរផ្លូវដែលយើងកំពុងត្រួសត្រាយ នាពេលនេះ នឹងជំរុញក្រុមហ៊ុនដទៃទៀតនៅទូទាំងប្រទេស ឲ្យបន្តណែនាំផលិតផលនិងសេវាកម្មដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់ផលប្រយោជន៍ ដល់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមិនធ្លាប់ប្រើប្រាស់សេវាកម្ម ហិរញ្ញវត្ថុពីមុនមក។ នេះគឺដោយសារតែអាជីវកម្មខ្នាតតូចៗ រាប់ពាន់នេះនឹងដើរតួនាទីសំខាន់ ក្នុងការកសាងអនាគត នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
តាមរយៈចក្ខុវិស័យរបស់ធនាគារឯកទេសវីង ក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ នាពេលអនាគតខាងមុខ ធនាគារនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណ សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមប្រព័ន្ធឌីជីថល ដល់គ្រប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្វើបាននៅតាមភ្នាក់ងារវីងជាង៦,០០០កន្លែង ទូទាំងប្រទេស ឬតាមរយៈគណនីវីង នៅលើគេហទំព័រសហគ្រាសខ្នាតតូច និងមធ្យមរបស់ក្រសួង នាពេលខាងមុខ៕