(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឱ្យរៀបចំកិច្ចប្រជុំកំពូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការសហព័ន្ធសន្តិភាពសាកល (Universal Peace Federation–UPF) នៅកម្ពុជានៅចុងឆ្នាំ២០១៩នេះ។
ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួយជាមួយ លោក ហ្សូហ្សេ ឌើ វើនេស្យា ប្រធានសន្និសីទស្តីពីគណបក្សនយោបាយអាស៊ី (ICAPP) នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក ហ្សូហ្សេ ឌើ វើនេស្យា បានសំដែងនូវការគោរព និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានចូលរួមកិច្ចប្រជុំកំពូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការ UPF នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨កន្លងទៅ។
លោក ហ្សូហ្សេ ឌើ វើនេស្យា ហើយដំណើរទស្សនៈកិច្ច ក៏បានជម្រាបសម្តេចតេជោផងដែរថា ដំណើររបស់លោក និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីគោរពស្នើសុំការពិចារណាពីសម្ដេចតេជោ ហ៊ុន សែន រៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិភូ ICAPP ដែលបានផ្ដល់ការទុកចិត្តដល់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍កិច្ចប្រជុំនេះ និងបានណែនាំឱ្យរៀបចំនៅរាជធានីភ្នំពេញ ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ចំពោះប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោ បានណែនាំឲ្យរួមគ្នាវិភាគ ពិចារណា ពិភាក្សាលើខ្លឹមសារឲ្យបានគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ និងអន្តរជំនឿរបស់ក្រុមបុគ្គល និងអង្គភាព រួមទាំងអ្នកតំណាងមកពីសាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ប្ដេជ្ញាដើម្បីសម្រេចបាននូវសន្តិភាពពិភពលោក ដែលមនុស្សគ្រប់គ្នាអាចរស់នៅក្នុងសេរីភាព ភាពសុខដុម កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបង្កើតឡើងនៅឆ្នាំ២០០៥។
អង្គការ UPF លើកទឹកចិត្តឱ្យសាសនាទាំងអស់ធ្វើកិច្ចសន្ទនា និងសហការ ដើម្បីសន្តិភាពដោយផ្អែកលើការទទួលស្គាល់ថា សេចក្តីថ្លៃថ្នូររបស់មនុស្សបានមកពីប្រភពទេវភាពសកល ដែលជាមូលដ្ឋាននៃភាពសុខដុម និងការបង្រួបបង្រួម តាមរយៈឯកអគ្គរដ្ឋទូតដើម្បីសន្តិភាព ដែលមានជាង ៥ម៉ឺននាក់។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ គឺដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយ ក្នុងគ្រាសំខាន់។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ រួមមាន សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំប្រទេសជាសមាជិកមួយចំនួនទៀត៕