(កំពង់ចាម)៖ ក្រោយពីប្រជាពលរដ្ឋបានជួបទុក្ខធំ ដោយសារតែបាតុភូតធម្មជាតិខ្យល់កន្ទ្រាក់បណ្តាលឱ្យរលំផ្ទះ និងប៉ើងដំបូលអស់ជាច្រើនខ្នង លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមកាងារចុះចែកអំណោយ ដើម្បីសម្រួលដល់ការលំបាកភ្លាមៗ ដល់ពលរដ្ឋរងគ្រោះ ១៩គ្រួសារ នៅភូមិខ្នារ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត ម៉ា ឈឿន បាននាំនូវបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ ធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្ត ទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្តេចតែងបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូដល់ការ លំបាក របស់ប្រជាពលរដ្ឋ និងដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកបណ្ឌិត ម៉ា ឈឿន បានចូលរួមសម្តែងនូវការសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារបាតុភូតខ្យល់កន្ទ្រាក់នេះ ដែលបានធ្វើឱ្យខូលខាតនូវទ្រព្យសម្បត្តិអស់ជាច្រើន ដែលបងប្អូនបានខិតខំស្វែងរកយ៉ាងលំបាក ជាមួយគ្នានោះដែរលោក ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយ ជួយដល់បងប្អូនប្រជាពលរដ្ឋ សុំកុំឱ្យកើតមាននូវហេតុការណ៍អាក្រក់ កើតឡើងដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត ជាមួយគ្នានោះសុំឱ្យបងប្អូនខិតខំរកប្រាក់ចំណូលបន្ថែមទៀត ដើម្បីស្តារជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើងវិញ។
លោកក៏បានបញ្ជាក់ទៀតថា ក្រោមតំបូលសន្តិភាពរបស់គណៈបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងនៅតែបន្តតាមជួយបងប្អូនប្រជាពលរដ្ឋ នៅក្បែប្រជាពលរដ្ឋ ដើម្បីជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យមានប្រជាពលរដ្ឋណាមួយជួបផលលំបាកហើយ មិនមានការដឹកនឹងជួយដោះស្រាយពីថ្នាក់ដឹកនាំឡើយ។ ក្នុងនោះដែរ អាជ្ញាធរដែនដី ក៏ត្រូវខិតខំជួយដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នូវអ្វីដែលអាចជួយបាន បើអ្វីដែលមិនអាចជួយបាន ត្រូវតែរាយការណ៍ទៅថ្នាក់លើ ដើម្បីបានជួយដោះស្រាយពលរដ្ឋឱ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើប និងសប្បាយរីករាយ ព្រោះតែមានប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ តែងតែបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ បានទាន់ពេលវេលា ដោយមិនមានការរើសអើង និងប្រកាន់និន្នាការអ្វីឡើយ។
សូមបញ្ជាក់ដែរថា លោកបណ្ឌិត ម៉ា ឈឿន បាននាំយកនូវអំណោយចែកជូនដល់គ្រួសារពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ទ្រាក់ រួមមាន៖ សម្រាប់១គ្រួសារដែលរងគ្រោះធ្ងន់ជាងគេ រលំផ្ទះទាំងស្រុង ទទួលបាន អង្គរ៥០គីឡូក្រាម តង់ធំមួយ និងថវិកា៥០ម៉ឺនរៀល ចំណែកពលរដ្ឋ១៨គ្រួសារផ្សេងទៀត ដែលរងគ្រោះស្រាលទទួលបាន មី២កេស និងថវិកា១០ម៉ឺនរៀលផងដែរ៕