(ភ្នំពេញ)៖ ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាញចំណាប់អារម្មណ៍អំពីការដាំដំណាំដែលមានជាតិគីមី ពិសេសគឺបានដាក់អនុសាសន៍ឱ្យក្រសួង-ស្ថាប័នចំនួន៣ រួមគ្នាគិតគូរពីបញ្ហានេះ ដើម្បីធានាឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពចំណីអាហារ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសមួយចំនួនមានការប្រើប្រាស់សារធាតិគីមី និងជីគីមីក្នុងការដាំដុះដំណាំកសិកម្មនានា ដែលផលិតផលទាំងនោះបាននាំចេញទៅលក់នៅក្រៅប្រទេស ហើយមួយចំនួនក៏បានហូរចូលមកដល់កម្ពុជាផងដែរ។
សម្ដេចតេជោបានបន្តថា ដើម្បីឱ្យដំណាំកសិកម្មរីកធំធាត់ឆាប់រហ័ស និងដើម្បីទទួលបានទិន្នផលខ្ពស់ កសិករខ្មែរមួយចំនួនក៏បានប្រើប្រាស់ជាតិគីមីយ៉ាងច្រើនផងដែរ ដែលវាបាននាំឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីហាក់ចង់បញ្ជាក់ថា ទាំងការដាំដុះដោយប្រើប្រាស់តិគីមីនៅក្នុងប្រទេស និងការនាំចូលផលិតផលដែលមានជាតិគីមីពីក្រៅប្រទេស គឺពិតជាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ដូច្នេះហើយបានជានាយករដ្ឋមន្ត្រីដែលប្រកបដោយការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរូបនេះ ដាក់អនុសាសន៍ជាកំហិតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងស្ថាប័នកាំកុងត្រូល ដែលចំណុះក្រោមក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះឱ្យបាន។
ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានបង្គាប់ប្រាប់ក្រសួងកសិកម្មយ៉ាងដូច្នេះថា «ក្រសួងកសិកម្មត្រូវខិតខំជំរុញប្រជាពលរដ្ឋរបស់យើងឱ្យអនុវត្តនូវការផលិត ដោយប្រើជីធម្មជាតិជំនួសឱ្យការប្រើជីគីមី ក្នុងនោះបន្លែបង្ការនានា គឺត្រូវខិតខំធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋប្រើប្រាស់ជីធម្មជាតិ ហើយកាត់បន្ថយការនាំចូលផលិតផលដែលប្រើជាតិគីមី ដែលវានាំទៅដល់ការបំផ្លាញសុខភាពប្រជាពលរដ្ឋ»។
ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការដាំដុះដំណាំដែលមិនប្រើជាតិគីមី។ កម្ពុជាប្រាកដជាអាចធ្វើកិច្ចការខាងលើបាន ពីព្រោះកម្ពុជានៅសេសសល់ដីកសិកម្មច្រើនណាស់ ហើយប្រជាកសិករក៏មានលទ្ធភាពប្រើប្រាស់ជីធម្មជាតិបានផងដែរ។
សម្រាប់ស្ថាប័នកាំកុងត្រូល ក៏ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ដាក់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ដែរថា «ត្រូវត្រួតពិនិត្យទៅលើការដាក់លក់ផលិតផល ដែលប្រើប្រាស់ជាតិគីមី លើសកម្រិតកំណត់ ឈានដល់ការបំផ្លាញសុខភាពប្រជាពលរដ្ឋ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់អនុសាសន៍ដល់ក្រសួងសុខាភិបាលផងដែរ គឺត្រូវនាំមុខគេក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហា ដែលពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដាច់ខាតត្រូវមានការទទួលខុសត្រូវចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលណាដែលប្រើប្រាស់ជាតិគីមី ព្រោះនេះជាការចូលរួមទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកទិញ និងអ្នកដាំដុះ ត្រូវចូលរួមធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពចំណីអាហារ៕