(ភ្នំពេញ)៖ ក្រោយពីការដាក់ចេញយុទ្ធនាការឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា រៀបចំកម្មវិធីហូបនំបញ្ចុកនៅតាមមូលដ្ឋាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវដល់ម្ចាស់ផ្ទះជួល និងថៅកែរោងចក្រ រៀបចំនំបញ្ចុកជូនដល់កម្មករ ដើម្បីបង្ហាញអំពីស្មារតីជាតិនិយម សាមគ្គភាព និងឯកភាពជាតិ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អំពាវនាវដល់ម្ចាស់ផ្ទះជួលឱ្យកម្មករ កម្មការិនីស្នាក់នៅ ប្រសិនបើម្ចាស់ផ្ទះជួល ហ៊ានប៉ាវ១ពេល សម្រាប់កម្មករ ដែលនៅផ្ទះជួលរបស់ខ្លួន អាហ្នឹងជាការល្អ ខ្ញុំអរគុណទុកជាមុនតែម្តង»។
សម្តេចបានបន្តថា កម្មករ កម្មការិនី បានមកជួលផ្ទះរបស់ពួកគេ ដើម្បីធ្វើការងារ ដូច្នេះគ្រាន់តែរៀបចំនំបញ្ចុកសម្រាប់ពួកគេទទួលទានម្តងនៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនេះ ម្ចាស់ផ្ទះជួលនឹងមិនមានការខាតងបង់ទេ ហើយសកម្មភាពនេះបានបង្ហាញអំពីសាមគ្គីរវាងម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះផងដែរ។
ក្រៅពីមានការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យថៅកែរោងចក្រ រៀបចំពិធីទទួលទាននំបញ្ចុក សម្រាប់កម្មករ កម្មការិនី ដែលឈប់សម្រាប់ នៅថ្ងៃអាទិត្យ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅតាមមូលដ្ឋាននានា ក្នុងប្រទេសកម្ពុជា នឹងមានរៀបចំពិធីទទួលទាននំបញ្ចុក សាមគ្គី និងឯកភាពជាតិ។ យុទ្ធនាការនេះ ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបំផុសស្មារតីជាតិនិយម៕