(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបង្កើនកិច្ចខិតខំប្រែងរួមគ្នាបន្ថែមទៀត ក្នុងការពិនិត្យសិក្សា និងវិភាគសេចក្តីព្រាងច្បាប់នេះឱ្យបានល្អិតល្អន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រាកដថា សេចក្តីព្រាងច្បាប់ប្រេងកាត ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសការមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិប្បរមាដល់សង្គម និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិរន្តភាព និងផលប្រយោជន៍យូរអង្វែងដែលកើតចេញពីវិស័យប្រេងកាត ដោយត្រូវធ្វើឱ្យប្រាកដថា វិស័យនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួម ទទួលបាននូវចំណេះដឹង បទពិសោធន៍ពីការរុករក ការទាញយកផល និងការធ្វើអាជីវកម្មប្រេងកាត ដោយឯករាជ្យក្នុងកម្រិតណាមួយនៅពេលអនាគត។
សម្តេច ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពីការស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលរៀបចំឡើងដោយគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធានទំាងនេះ ឲ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសបន្ថែមសន្ទុះថ្មី សម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ឈានទៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកស្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសក្រសួងរ៉ែ និងថាមពល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយបានគិតហ្មត់ចត់អំពីបច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទំាងអនាគតនៃប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ។
សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ចែកចេញជា៩ជំពួក និង៧២មាត្រា និងឧបសម្ពន្ធ័ចំនួន០១។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើង ដោយមានការជួយគំាទ្រ ផ្នែកបច្ចេកទេសពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍នៅឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែមទៀតពីអ្នកជំនាញការច្បាប់ មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas។ ចាប់ពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតកម្ពុជាបានយកសេចក្តីព្រាងច្បាប់នេះ មកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេសនិងច្បាប់ជាតិនិងអន្តរជាតិនានា។ ក្រោយអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានធ្វើសមាហរណកម្ម មកក្រោមក្រសួងរ៉ែនិងថាមពល ក្នុងឆ្នាំ២០១៣មក សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែសម្រួលបន្ថែម ដោយបញ្ចូលបរិបទថ្មីៗមួយចំនួន ផ្អែកលើបទពិសោធន៍ពីបណ្តាប្រទេសនានា។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រហូតមកទល់ពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដែលមានធនធានប្រេងកាត ទទួលបានពរជ័យពីការទាញយកផលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយក៏មានប្រទេសមួយចំនួន ក៏ត្រូវរងបណ្តាសារពីការវិនិយោគលើវិស័យនេះផងដែរ។ ដូច្នេះនេះជាបទពិសោធន៌ដ៏សំខាន់ដែលកម្ពុជា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានា ដែលអាចនឹងកើតមានឡើងដោយចៃដន្យពីការវិនិយោគលើវិស័យនេះ។ ត្រូវចាំថា ធនធានរ៉ែ ជាធនធានមួយដែលងាយនឹងរីងស្ងួត ហើយងាយនឹងទទួលរងនូវផលប៉ះពាល់។ ដូចនេះ ទាំងអស់គ្នាត្រូវតែពិចារណាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងឱ្យខាងតែបានពីផលអវិជ្ជមានដែលអាចកើតមានឡើងពីវិស័យនេះ។
សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សំដៅឈានទៅសម្រេចបាននូវ ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នូវឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេច ហេង សំរិន បានផ្តល់ជាអនុសាសន៍បន្ថែមថា បន្តពង្រឹង និងលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភា ដើម្បីធានាថា ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យប្រេងកាត ត្រឹមត្រូវ និងស្របតាមនិយាមបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយគណនេយ្យភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដែលនឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ដែលនឹងជួយបង្កើនល្បឿនអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែលឿនមួយកម្រិតថែមទៀត។ អគ្គលេខាធិការដ្ឋានសភាទាំងពីរត្រូវចូលរួម សិក្សា ពិនិត្យ និងផ្តល់យោបល់ ព័ត៌មានលម្អិត បែបវិភាគ និងគ្រប់ជ្រុងជ្រោយ ជូនសមាជិក សមាជិកាសភាទាំងពីរ ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះច្បាស់លាស់ ត្រឹមត្រូវ ក្នុងការវិភាគ វាយតម្លៃ មុននឹងឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ នេះឱ្យមានសង្គតភាព និងល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ជាពិសេសការសម្រេចបាននូវសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តនាពេលដ៏ខ្លីខាងមុខ។ សម្តេចមានជំនឿមុតមាំថា សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” នាពេលខាងមុខនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕