(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានណែនាំឲ្យតាមបណ្ដាស្ថាប័នរដ្ឋទាំងអស់ គួររៀបចំម្ហូបអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ស្ថាប័នរដ្ឋទាំងអស់មិនគួរគប្បីដាក់ម្ហូបអឺរ៉ុប ដើម្បីទទួលភ្ញៀវនោះទេ ដែលកន្លងទៅសម្ដេចធ្លាប់ឃើញមានករណីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអំពាវនាវចំពោះស្ថាប័នរដ្ឋរបស់យើងទាំងអស់ ដែលទទួលជប់លៀងភ្ញៀវថ្នាក់រដ្ឋមន្ដ្រី ថ្នាក់ឧបនាយករដ្ឋមន្ដ្រី ​ថ្នាក់ក្រសួងនានា សូមឲ្យប្រើប្រាស់ឲ្យបានច្រើននូវម្ហូបខ្មែរដើម្បីទទួលភ្ញៀវ កុំលេងឡើងសុទ្ធតែម្ហូបបារាំង ចឹងធ្វើមិចគេស្គាល់ម្ហូបខ្មែរ»

សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំថា ម្ហូបជាអត្ដសញ្ញាណខ្មែរ ដែលគួរតែដាក់ដើម្បីទទួលភ្ញៀវបរទេសនោះ មានដូចជា សម្លកកូរ សម្លម្ជូរជាដើម ដើម្បីឲ្យភ្ញៀវបានសាក និងស្គាល់រសជាតិម្ហូបរបស់ខ្មែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសើរដល់ប្រទេសឡាវ ដែលតែងតែបង្ហាញអាហារអត្តសញ្ញាណរបស់ខ្លួន «បាយដំណើប» សម្រាប់ទទួលភ្ញៀវរួមទាំងសម្តេចផងដែរ។

គួរជម្រាបថា វប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ ទៅមួយជំនាន់ បានបន្សល់ទុកមុខម្ហូបយ៉ាងច្រើនសម្បូរបែប មកដល់សម័យនេះ ហើយនៅតែបន្ដត្រូវមាត់កូនខ្មែរស្ទើរគ្រប់រូបទាំងអស់ បើទោះបច្ចុប្បន្នមានការហូរចូលនូវមុខម្ហូបបរទេសជាច្រើន ចូលមកកម្ពុជាយ៉ាងណាក្ដីនោះ។ គេទាំងកត់សម្គាល់ឃើញថា ហាងលក់ម្ហូបខ្មែរល្បីៗជាច្រើន កំពុងតែបើកដំណើរការ ពិសេសនៅតាមតំបន់ទេសចរណ៍៕