(កំពង់ធំ)៖ អាជ្ញាធរក្រុងស្ទឹងសែន នៅតែរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ធំលើអាជីវកររូបណា ដែលលក់ដូរដាក់តាំងឥវ៉ាន់របស់ខ្លួន រំលោភចិញ្ចើមផ្លូវ បង្កឲ្យមានការកកស្ទះក្នុងការធ្វើដំណើរ ទៅមករបស់ប្រជាពលរដ្ឋ ដែលមកទិញទំនិញនៅក្នុងផ្សារនេះ ជាពិសេស រៀបចំបើកផ្លូវឯកទិសធ្វើដំណើរក្នុងផ្សារ។
តាមការបញ្ជាក់របស់លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានលើកឡើងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករនៅពេលនេះ គឺទុកឱកាសឲ្យប្អូនអាជីវកររៀបចំឥវ៉ាន់របស់ខ្លួន ចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គឺផ្លូវខាងក្រោយផ្សារ នឹងក្លាយជាផ្លូវឯកទិសមួយសម្រាប់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទាំងអ្នកមកទិញឥវ៉ាន់ និងអ្នកធ្វើដំណើរឆ្លងកាត់ដោយរថយន្តធនតូច និងម៉ូតូផងដែរ។
ក្នុងនោះការរៀបចំរបស់អាជ្ញាធរខេត្ត រដ្ឋបាលក្រុង និងមន្ទីរសសារធារណការ និងដឹកជញ្ជូន នឹងធ្វើការគូសគំនូសចំណតរថយន្ត សម្រាប់អាជីវករ និងប្រជាពលរដ្ឋមកទិញទំនិញនៅក្នុងផ្សារ ហើយចំពោះការចតយាន ជំនិះទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចតក្រៅគំនូសនោះទេ។
លោកអភិបាលរងក្រុងស្ទឹងសែន បានបញ្ជាក់ថា ការរៀបចំនេះ គឺជាគោលការណ៍អនុវត្តរបស់គណៈបញ្ជាការឯកភាពខេត្តដែលមានលោក សុខ លូ ជាប្រធាន ហើយការអនុវត្តនឹងប្រើប្រាស់កម្លាំង អន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករបស់ខេត្ត ដោយផ្ទាល់ចាប់ពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ។
ចំពោះអាជីវករ រូបណាដែលមិនព្រមអនុវត្តក្រោយពីការជូនដំណឹងនេះ គឺកងកម្លាំងអន្តរាគមន៍ នឹងធ្វើការប្រមូលទំនិញដែលលក់នៅលើផ្លូវ បង្កឲ្យមានការ កកស្ទះទៅរក្សារទុកនៅឃ្លាំងក្នុង ក្រុងស្ទឹងសែន ហើយទំនិញទាំងអស់មិនត្រូវបានអនុញ្ញាតិ្តឲ្យ យកវិញនោះទេ។
ការរៀបចំនេះ គឺជាការៀបចំសណ្តាប់ធ្នាប់ផង និងការរៀបចំសោភ័ណ្ឌភាព ស្របដែលខេត្តកំពង់ធំធ្វើការអភិវឌ្ឍ រៀបចំសួនកុមារ វិមានឯករាជ្យ ជាពិសេសការរៀបចំបើកផ្លូវ ឯកទិសមួយចំនួនក្នុងក្រុងស្ទឹងសែនតែម្តង ដែលអាចធ្វើឲ្យក្រុងស្ទឹងសែន មានសង្ឃឹមទទួលបាន ផ្ការំដួលបីទង ទិវាទីក្រុងស្អាតនៅឆ្នាំខាងមុខនេះ៕