(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជានាពេលខាងមុខ និងលោក Yasuhisa Ojima ដែលនឹងត្រូវតែងតាំងជាប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា នាខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែចូលរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងបានជួយជ្រោមជ្រែងក្នុងការកសាង នូវសមត្ថភាពមន្រ្តីជំនាញកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍ជាក់ស្តែង របស់ប្រទេសផ្សេងៗជាមួយមន្រ្តីជំនាញកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ក៏បានចែករំលែកនូវវឌ្ឍនភាព ការរីកចម្រើន ការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ។
លោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលដែលកម្ពុជា ទទួលបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង IMF ជាមួយប្រទេសកម្ពុជា។
លោកស្រីសង្ឃឹមថា លោក Yasuhisa Ojima ដែលនឹងត្រូវតែងតាំងជាប្រធានស្ថានតំណាងថ្មី របស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក៏ដូចជាចូលចែករំលែកបទពិសោធន៍ជាក់ស្តែង ផ្តល់អនុសាសន៍ល្អៗ ក្នុងកិច្ចការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងអាណត្តិរបស់លោកបំពេញការងារនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ ចំពោះលោក Yasuhisa Ojima ដែលនឹងត្រូវបានតែងតាំងជាប្រធានស្ថានតំណាងថ្មី របស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជានាពេលខាងមុខនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា លោក Yasuhisa Ojima នឹងបន្តរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជានាពេលបំពេញការងារនៅកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរលោកស្រី Yong Sarah Zhou និងលោក Yasuhisa Ojima ព្រមទាំងសហការីទាំងអស់ទទួលបានជោគជ័យក្នុងអាណត្តិបេសកកម្មដ៏ឧត្តុងឧត្តម នាពេលខាងមុខ៕