(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនរួមមាន ស្បៃមុង ស្បៃសាច់អួន និងរបាំងព្រួលព្រមទាំងឧបករណ៍មួយចំនួនទៀត ត្រូវបានមន្ត្រីជលផល នៃមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយនគរបាលមូលដ្ឋាន ចុះរុះរើ និងប្រមូលយកទៅដុតកំទេចចោលនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្នុងទិសដៅថែរក្សាទុកឲ្យត្រីពងកូនក្នុងរដូវបិទការនេសាទ នៅថ្ងៃនេះ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាខេត្តព្រះវិហារ បានរួមសហការជាមួយកងកម្លាំងនគរបាល ប៉ុស្តិ៍ចុះត្រួតពិនិត្យបទល្មើសនេសាទនៅតាមដងស្ទឹងសែន ស្ថិតក្នុងស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ យើងបានជួបនូវបទល្មើសការប្រើរបាំងស្បៃសាច់អួនកាត់ដងស្ទឹងជាច្រើនកន្លែង។ ជាមួយគ្នានោះ ក្រុមការងារបានធ្វើការរុះរើ និងដឹកជញ្ជូនយកទៅដុតបំផ្លាញចោល។
លោកបន្តទៀតថា ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ រួមមាន៖ ស្បៃមុង និងស្បៃសាច់អួន របាំងព្រួលស្បៃអូនចំនួន ៦ខ្សែ ប្រវែង៦៣០ម លូស្បៃមុងនិងសាច់អួនចំនួន ៧មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន ២១០ដើម។
លោក ពឹង ទ្រីដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង កុំនេសាទដោយប្រើឧបករណ៍ខុសច្បាប់នៅរដូវបិទនេសាទនេះ ព្រោះរដូវនេះជារដូវត្រីពង៕