(កែប)៖ លោកទេសរដ្ឋ អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ «អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍» លើកទី១ ឆ្នាំ២០១៩ សណ្ឋាគារសង្គហមិត្តគយ ខេត្តកែប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង រដ្ឋលេខាធិការដ្ឋាន រាជធានី ខេត្ត និងកាកបាទក្រហមកម្ពុជា, លោក អឺង ឆាយ អភិបាលរងខេត្តកែប តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តកែប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានសម្តែងនូវការកោតសរសើរចំពោះលោក លោកស្រី ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យប្រយុទ្ធនឹងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ គួរជាទីមោទនៈក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ។
លោកទេសរដ្ឋមន្រ្តី ក៏សូមគោរពថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចប្រកប ដោយគតិបណ្ឌិត ដាក់ចេញនូវវិធានការទាក់ទង នឹងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ តាមរយៈសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវការជំរុញលើកទឹកចិត្ត កាន់តែខ្លាំងក្លាបន្ថែមទៀត ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបំពេញការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកទេសរដ្ឋមន្រ្តីបានបន្តថា យោងតាមអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ និងផ្អែកតាមគម្រោងផែនការ សកម្មភាពឆ្នាំ២០១៩ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវប្រារព្ធឡើង ជាទៀងទាត់រៀងរាល់៦ខែម្តង ដូច្នេះកិច្ចប្រជុំនាថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី១ ដើមឆ្នាំ២០១៩ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពនៃការឆ្លើយតបជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ រួមជាមួយនឹងការប្រើប្រាស់នូវឱកាសដ៏ប្រពៃនេះ សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក និងជាពិសេសពិភាក្សារួមគ្នា ទៅលើចំណុចខ្វះខាតមួយចំនួន ដែលត្រូវការនូវដំណោះស្រាយ តាមរយៈការចូលរួមរបស់ អស់លោក លោកស្រីដែលមានវត្តមាននៅពេលនេះ។ លើសពីនេះអង្គប្រ ជុំ នឹងមានដាក់ចេញនូវសេចក្តីសម្រេចជាគោលការណ៍មួយចំនួន សម្រាប់ឲ្យក្រុមការងារបច្ចេកទេស យកទៅប្រើប្រាស់ ក្នុងការរៀបចំ និងអនុវត្តផែន ការសកម្មភាពគន្លឹះរយៈពេល៦ខែចុងឆ្នាំ២០១៩ ជាបន្តទៀត។
លោកទេសរដ្ឋមន្រ្តី បានទាញអារម្មណ៍អង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់ លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការរើសអើងទៅលើអ្នកផ្ទុក មេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងគ្មានការស្លាប់ដោយសារជំងឺអេដស៍» និងឆ្ពោះទៅសម្រេច បានគោល ដៅយុទ្ធសាស្ត្រ ៩៥, ៩៥, ៩៥ (៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាពផ្ទុក មេរោគអេដស៍ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើ រោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំង នឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥% នៃអ្នកទាំងអស់ដែលទទួលការព្យាបាល ដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន) នៅឆ្នាំ២០២៥។
ជារួមប្រទេសកម្ពុជាយើង កំពុងតែឈរនៅលើផ្លូវត្រូវ យើងកំពុងតែធ្វើត្រូវក្នុងក្តីសង្ឃឹមពិត ប្រាកដឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍តាមការកំណត់ ដោយសារតែប្រទេសកម្ពុជាយើង មានកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅហើយ គឺការប្តេជ្ញាចិត្តគាំទ្រជានយោបាយ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងកត្តាគ្រប់គ្រាន់មួយចំនួន គឺ មានចីរភាពនៃការចូលរួមឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ពីគ្រប់ស្ថាប័នជាតិ និងការចូលរួមជាដៃគូនៃប្រទេសជាមិត្ត និងស្ថាប័នអន្តរជាតិ សង្គមស៊ីវិល ឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ល។ មានប្រព័ន្ធតាមដានការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍បានជាប្រចាំ មានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានផែនការយុទ្ធសាស្រ្តជាតិតែមួយ និងមាន ប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ដូចជាប្រទេសនានាក្នុងសាកលលោក និងក្នុងតំបន់ដែរ បញ្ហាដែលកម្ពុជាកំពុងបន្តប្រឈមមកដល់ពេលនេះ និងទៅខាងមុខ គឺជាបញ្ហាធនធានមនុស្សដែលទាមទារ នូវការកសាងសមត្ថភាពពេញលេញពីយុទ្ធសាស្រ្តវិទ្យាសាស្រ្តថ្មីៗ ធនធានសម្ភារបរិក្ខារ ក្នុងការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន និងធនធានថវិកា ដែលជាបញ្ហាប្រឈមខ្ពស់ជាងគេ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ ដូច្នេះ ទាមទារនូវការចូលរួមរបស់ លោក លោកស្រីប្រើប្រាស់គ្រប់លទ្ធភាពទាំងអស់ ក្នុងការចលនាធនធាន ពីគ្រប់ប្រភពទាំងអស់ រួមជាមួយនឹងការធានាដល់ការចំណាយធនធាន ដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយចៀសវាងឱ្យបាននូវការចំណាយច្រើន ទទួលបានផលតិច ឬការចំណាយជាន់គ្នា៕