(ឧត្តរមានជ័យ)៖ ទំនប់អាងស្តុកទឹកស្ទឹងស្រែងទី២ ស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជយ័ ក្រៅពីមានសារសំខាន់បម្រើឲ្យការងារស្រោចស្រពដំណាំផ្សេងៗ ក៏បានក្លាយជាកន្លែងទេសចរណ៍ធម្មជាតិគួរឲ្យទាក់ទាញផងដែរ។
លោក ញឺក កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទំនប់អាងស្តុកទឹកស្ទឹងស្រែងទី២នេះ ក្រៅតែជាកន្លែងស្តុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ជាកន្លែងទេសចរណ៍ធម្មជាតិមួយគួរឲ្យទាក់ទាញផងដែរ ដោយសារមានទំនប់ទឹកបង្ហៀ និងសម្រប់ធម្មជាតិដើមឈើដ៏ខៀវស្រងាត់ដែលដុះនៅក្បែរមាត់ទឹក។
លោកបានបន្តទៀតថា រៀងរាល់រដូវបុណ្យទាន ដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀត និងថ្ងៃឈប់សម្រាក គេតែងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗ តែងមកលេងកំសាន្តនៅតំបន់នេះជាលក្ខណៈគ្រួសារ ដើម្បីលំហែអារម្មណ៍ និងគយគន់ទេសភាពដ៏ស្រស់ត្រកាល។
ជាមួយគ្នានោះផងដែរ តំបន់ទេសចរណ៍ទំនប់អាងស្តុកទឹកស្ទឹងស្រែងទី២នេះ ក៏មានលក់ម្ហូបអាហារបែបធម្មជាតិ ដែលប្រជាពលរដ្ឋក្នុងតំបន់នេះរកបាន ដូចជា ការនេសាទត្រី....ជាដើម ហើយចំពោះតម្លៃក៏សមរម្យផងដែរ។
លោក ញឺក កួន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលបានទៅកំសាន្តនៅតំបន់អាងស្តុកទឹកស្ទឹងស្រែងទី២នេះ ត្រូវចូលរួមថែរក្សអនាម័យ បរិស្ថាន ឲ្យបានល្អ ដោយកុំបោះរបស់របរហូបចុកផ្សេងៗ ដែលសេសសល់ចូលទៅក្នុងទឹក៕