(ព្រះសីហនុ)៖ ក្រុមហ៊ុនកម្ពុជាតេលា កាលពីថ្មីៗកន្លងទៅនេះ បានរៀបចំដំណើរទស្សនកិច្ចដឹកនាំម្ចាស់ដេប៉ូទូទាំងរាជធានី-ខេត្ត ចំនួន ២លើក ចុះពិនិត្យមើលកំពង់ផែប្រេងឥន្ធនៈតេលា ខេត្ដព្រះសីហនុ ដើម្បីបង្ហាញនូវផែនការ និងការអភិវឌ្ឍដើម្បីបំពេញតម្រូវការ របស់អតិថិជនជាបន្តទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការរៀបចំកម្មពិធីសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយសមាជិកដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុនកម្ពុជាតេលា ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់។
ក្នុងឱកាសនោះ លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានថ្លែងថា ចំពោះដៃគូរអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលា ដែលបានសហការគ្នាជាយូរណាស់មកហើយ ដែលមានដេប៉ូខ្លះ គឺលើសពី ១០ឆ្នាំ និងតិចជាង១០ឆ្នាំនោះ ត្រូវតែរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនេះឱ្យបានល្អថែមទៀត និងរួមគ្នាអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីកែលម្អរស្ថានីយ និងដេប៉ូតាមគំរូ (Brand Image) ថ្មី របស់ក្រុមហ៊ុនកម្ពុជាតេលា ឲ្យក្លាយជាក្រុមហ៊ុនដែលនាំមុខគេ លើវិស័យប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
លោកឧកញ៉ា ឈុន អូន បានថ្លែងបន្ដថា ក្រុមហ៊ុនកម្ពុជាតេលា មានចក្ខុវិស័យជាច្រើន ដែលនឹងបង្កើតនាពេលដ៏ខ្លីខាងមុខនេះរួមមាន៖
*ស្ថានីយតេលា៖ បច្ចុប្បន្នក្រុមហ៊ុនកម្ពុជាតេលា មានលក់ប្រេងឥន្ធនៈ តែ៣ប្រភេទប៉ុណ្ណោះ ហើយនៅពេលឆាប់ៗនេះ នឹងមានលក់ផលិតផលប្រេងឥន្ធនៈរហូតដល់ ០៦ប្រភេទ មានដូចជា៖ ប្រេងសាំង ៩២, ប្រេងសាំងស៊ុបពែ ៩៥, ប្រេងសាំងស៊ុបពែ ៩៨, ប្រេងម៉ាស៊ូតធម្មតា, ប្រេងម៉ាស៊ូតស៊ុបពែ10PPM, ហ្គាស (LPG) ហើយនៅតាមស្ថានីយតេលានីមួយៗ នឹងធ្វើការរចនាកែលម្អសោភ័ណភាពឲ្យកាន់តែទំនើបស្រស់ស្អាត និងទាក់ទាញ។
* ម៉ាត TELA៖ ក្រុមហ៊ុនម្ពុជាតេលានឹងធ្វើការផ្លាស់ប្តូរឈ្មោះពី TELA Mart ទៅជា T Martវិញ ដែលបច្ចុប្បន្នមានលក់ផលិតផលគ្រប់ប្រភេទ ហើយនៅពេលឆាប់ៗខាងមុខ និងធ្វើការកែលម្អរពី Convenience Store ដែលមានទំនិញត្រឹមតែ ៧,០០០មុខ ទៅជា Mini Super Mart ដែលមានទំនិញចាប់ពី ៣០,០០០មុខ ទៅ ៤០,០០០មុខ ។
* One Stop Service៖ ក្រុមហ៊ុនកម្ពុជាតេលា មានគម្រោងសាងសង់ One Stop Service ជាច្រើនកន្លែងទៀតតាមបណ្ដាផ្លូវជាតិសំខាន់ៗ ដែលមមាញឹកក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដើម្បីឲ្យភ្ញៀវទាំងអស់មានកន្លែងសម្រាប់ចតរថយន្ដ ឈប់សម្រាក ទទួលទានអាហារ ដែលមានមុខម្ហូបតាមបែបប្រពៃណីខ្មែរ មានបន្ទប់ទឹកស្អាតធំទូលាយ និងមានកន្លែងលក់ផ្លែឈើនំតាមរដូវកាល និងតាមខេត្ដនិមួយៗ ហើយព្រមទាំងមានកន្លែងក្មេងលេងផងដែរ។
* ឃ្លាំងស្តុកប្រេងឥន្ធនៈ៖ ក្រុមហ៊ុនកម្ពុជាតេលាមានឃ្លាំងស្តុកប្រេងឥន្ធនៈ ០៤កន្លែង អាចស្ដុកប្រេងឥន្ធនៈបានចំនួន ៣០០,០០០តោន មានដូចជា ផែប្រេងឥន្ធនៈ នៅខេត្ដព្រះសីហនុ មាន៣ចំណត (3 Berthing) សម្រាប់ចតនាវាផ្ទុកប្រេងឥន្ធនៈ មានចំណតទី១ អាចចតនាវាផ្ទុកប្រេងឥន្ធនៈចំនួន ៦០,០០០ តោន, ចំណតទី២ អាចចតនាវាផ្ទុកប្រេងឥន្ធនៈចំនួន ៣០,០០០តោន, ចំណតទី៣ អាចចតនាវាផ្ទុកប្រេងឥន្ធនៈចំនួន ៥,០០០ តោន។ ឃ្លាំងស្ដុកប្រេងឥន្ធនៈ បឹងព្រីង (បាត់ដំបង) សម្រាប់ផ្គត់ផ្គង់នៅតំបន់ខេត្ត បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និងព្រះវិហារ។ ឃ្លាំងស្ដុកប្រេងឥន្ធនៈ ទន្លេបិទ (កំពង់ចាម) សម្រាប់ផ្គត់ផ្គង់នៅតំបន់ខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រៃវែង ស្វាយរៀង។ ឃ្លាំងស្ដុកប្រេងឥន្ធនៈ បាត់ដឹង (ភ្នំពេញ) សម្រាប់ផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ និងខេត្តជិតៗជុំវិញរាជធានីភ្នំពេញផងដែរ។ ទៅថ្ងៃអនាគត TELA នឹងធ្វើការពង្រីកឃ្លាំងស្ដុកប្រេងឥន្ធនៈបានរហូតដល់ចំនួន ៥០០,០០០តោនផងដែរ។
* ហ្គាស៖ បច្ចុប្បន្នក្រុមហ៊ុនកម្ពុជាតេលា មានពោងហ្គាសចំណុះ ១,០០០តោន ហើយកំពុងសាងសង់ពង្រីកបន្ថែមពោងស្តុកដែលមានចំណុះ ៣,០០០តោន នៅខេត្តព្រះសីហនុ នឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២០។ TELA មានគម្រោងសាងសង់ពោងស្តុកហ្គាស ចំនួន ៦០,០០០តោន បន្ថែមទៀត ក្នុងនោះមាន ៣០,០០០ តោន Propane និង ៣០,០០០ តោន Butane សរុបទាំងអស់ ៦៤,០០០តោន សម្រាប់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុនកម្ពុជាតេលា បាននាំដៃគូពាណិជ្ជកម្ម ម្ចាស់តេប៉ូតេលាទាំងអស់មកទស្សនៈកិច្ចនៅពោងស្តុកប្រេងឥន្ធនៈនេះ ដើម្បីឱ្យម្ចាស់ដេប៉ូទាំងអស់ បានឃើញពីដំណើរការ និងខ្សែសង្វាក់នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា ជាក់ស្តែង ដែលមានពោងស្តុកប្រេងឥន្ធនៈតេលាដ៏ធំនាខេត្តព្រះសីហនុ៕