(ព្រះសីហនុ)៖ ថវិកាសរុប ៥០លានរៀល ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទទួលពីលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងសប្បុរសជនមួយចំនួនទៀត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលបានឧបត្ថម្ភសម្រាប់កម្លាំងនគរបាលពាក់ព័ន្ធ រួមគ្នាតាមចាប់ឃាតកសម្លាប់ក្មេងតូចទាំងពីរនាក់ ធ្វើឲ្យកក្រើកតាមបណ្ដាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃមុននេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ថវិកាឧបត្ថម្ភលើកទឹកចិត្តជូនដល់កម្លាំងនគរបាលពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចដោយមានប្រសិទ្ធភាព តាមចាប់ជនដៃដល់នោះ រួមមាន៖

*ទី១៖លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភ៤០លានរៀល
*ទី២៖លោកឧកញ៉ា ឡាវ កាង និងលោកជំទាវ ឧបត្ថម្ភ១០០០ដុល្លារ
*ទី៣៖លោកស្រី សៀង ម៉ាលីន ឧបត្ថម្ភ១លានរៀល
*ទី៤៖លោក ហេង សុវណ្ណ និងលោកស្រី ឧបត្ថម្ភ១លានរៀល
*ទី៥៖អានី ឌួងចិត្ត (ម្ចាស់ផ្ទះល្វែងបិតត្រាំង) ឧបត្ថម្ភ១០០០ដុល្លារ។

សម្រាប់ថវិកាឧបត្ថម្ភទាំងនេះ លោកឧត្តមសេនីយ៍ស្នងការ នឹងប្រគលជូនលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការបែងចែកចំពោះអង្គភាពប្រតិបត្តិការ ដែលបានបង្ក្រាបករណីនេះដោយជោគជ័យ។

តាងនាមឲ្យកម្លាំងនគរបាលទាំងអស់ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងជូនពរមានសុខភាពរឹងមាំ មានសេចក្ដីសុខ កាន់តែជោគជ័យ និងរីកចម្រើនទៅមុខជានិច្ច។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ តុលាការខេត្តព្រះសីហនុ បានចេញដីកាឃុំខ្លួនឃាតកសម្លាប់ក្មេងទាំង២នាក់ដាក់ពន្ធនាគារ។ សម្រាប់ជនដៃដល់រូបនេះ តំណាងអយ្យការ នៃសាលាដំបូងខេត្ដព្រះសីហនុ បានសម្រេចចោទប្រកាន់ ចំនួន២បទល្មើស ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

ជនល្មើសឈ្មោះ មៀង វិចិត្រ ជាឃាតករំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស។

បទល្មើសចំនួន២នោះរួមមាន៖

*ទី១៖ បទឃាតកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។
*ទី២៖ បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

ប្រតិបត្តិការបង្ក្រាបឃាតករូបនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានកិច្ចសហការពីនគរបាលខេត្តព្រះសីហនុ នគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៅស្រុកកំណើតរបស់ឃាតកស្ថិតនៅស្រុកមេសាង ខេត្តព្រៃវែង៕