(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការពង្រីក ការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នេះបើតាមសេចក្តីរបស់ ADB ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
ADB បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា «ADB នឹងត្រូវធ្វើការវិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្ររបស់ខ្លួន ចំពោះវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ កាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ដែលកំពុងមានចំនួនកើនឡើងនៅតំបន់ទីក្រុង»។
ធនាគារ ADB បានគត់ស្គាល់ឃើញថា បើទោះបីជាកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិតបើធៀបទៅនឹងវិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។
កម្ពុជា គឺជាករណីសិក្សាមួយក្នុងចំណោមករណីសិក្សាចំនួន៤ ដែលរួមមានជាអាទិ៍ ប្រទេសបង់ក្លាដេស ចិន និង តាជីគីស្ថាន នៅក្នុងការវាយតម្លៃទៅលើកិច្ចគាំទ្ររបស់ ADB ដែលមានថវិកាសរុបចំនួន ១២.២ពាន់លានដុល្លារ ដែលផ្តល់សម្រាប់វិស័យកសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ ២០០៥-២០១៧។ ប្រទេសទាំងនេះមានចំណែកច្រើនគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការតាមវិស័យរបស់ ADB ក្នុងអំឡុងពេលនៃការវាយតម្លៃ៕