(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានី នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រី នៃសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលជាអង្គភាពធ្វើការងារមនុស្សធម៌ ក្នុងការជួយទៅដល់ជនងាយរងគ្រោះថ្នាក់ផ្សេងៗនោះ។ ពិធីនេះ ក៏មានការចូលរូមពីថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកសាខាទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។
នៅក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រីនៃសាខាកាកបាទក្រហមរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ជួយ និងយកអំណោយមនុស្សធម៌ចែកជូនដល់អ្នករងគ្រោះ ដោយមិនប្រកាន់រើសអើងនៅទូទាំងប្រទេស។
លោកប្រធានគណៈកម្មាធិការសាខា បានកោតសរសើរចំពោះមន្ត្រី បុគ្គលិកសាខាទាំងអស់ ដែលបានខិតខំបំពេញការងារនារយៈពេលកន្លងមក ព្រមទាំងបានផ្តល់អនុសាសន៍ជំរុញតម្រង់ ទិសដល់មន្ត្រីប្រតិបត្តិសាខាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពក្នុងស្មារតីក្រុម ដើម្បីធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ កាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដែលស័ក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ៕