(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ដោយឃុំខ្លួន អ្នកបើកបររថយន្ដពីរនាក់ដាក់ពន្ធនាគារ ក្រោយរូបគេបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពោលមួយករណីនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងមួយករណីទៀត នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ បញ្ជាក់ថា ជនត្រូវចោទទី១៖ឈ្មោះ សៀវ ចំរើន ហៅវ៉ា អាយុ២៩ឆ្នាំ ត្រូវផ្ដន្ទាទោសពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឲ្យស្លាប់អ្នកដទៃ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវR8 សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដោយឡែក ជនត្រូវចោទទី២៖ឈ្មោះ អ៊ុយ ញ៉ាញ់ ហៅរិទ្ធ អាយុ២៣ឆ្នាំ ត្រូវផ្ដន្ទាទោសពីបទ បើកបរក្នុងស្ថានភាពស្រវឹង និងធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៦០B លើមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា អ្នកបើកបរទាំងពីរនាក់ខាងលើ សុទ្ធតែបើកបរក្នុងស្ថានភាពស្រវឹងទើបបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ។
ផ្ដើមចេញពីបញ្ហានេះ មន្ដ្រីជំនាញរូបនេះ ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ មិនថាតែប្រជាពលរដ្ឋធម្មតា ឬមន្ដ្រីរាជការនោះទេ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយជាពិសេសមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹងនោះទេ ពោលប្រសិនមិនដូច្នោះទេអាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយក៏អាចឈានទៅការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ដោយគ្មានយោគយល់នោះឡើយ៕