(ភ្នំពេញ)៖ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យពលរដ្ឋទាំងអស់និងសមាជិកបក្សប្រជាជន «ហូបនំបញ្ចុក» នៅថ្ងៃទី០៩ ខែមិថុនា ដើម្បីបង្ហាញពីការសាមគ្គីជាតិនោះ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចភ្លាមៗរៀបចំ «ទិវាហូបនំបញ្ចុកសាមគ្គីជាតិ» នៅល្ងាចចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីតាំងក្នុងសាកលវិទ្យាល័យ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតរបស់សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញលោក លោកស្រី សាកលវិទ្យាធិការរង, លោក លោកស្រីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង, នាយិកា នាយិការងវិទ្យាស្ថាន, លោកនាយក នាយករងមជ្ឈមណ្ឌល, ប្រធាន-អនុប្រធានដេប៉ាតឺម៉ង់, ការិយាល័យ បណ្ណាល័យ ហ៊ុន សែន មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន បុគ្គលិកអប់រំក្របខណ្ឌ និងជាប់កិច្ចសន្យាទាំងអស់ ចូលរួមក្នុងទិវាហូបនំបញ្ចុកសាមគ្គីជាតិនេះ។
សូមជម្រាបថា ក្នុងឱកាសប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងនំបញ្ចុកហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ មិនយល់? នំបញ្ចុកក្លាយទៅជានយោបាយហើយ ឥលូវវាទៅជាការបង្កើតទិវានំបញ្ចុក ទៅជាស៊ីនំបញ្ចុកស្នេហាជាតិ។ មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ដថា «ឥលូវខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិក សមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយលឺគេថាយកថ្ងៃ០៩នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃទី០៩នេះ សមាជិក សមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុកឲ្យសមាជិកគណបក្សប្រជាជនស៊ីថ្ងៃទី០៩ ខែមិថុនា»។
តាមរយៈសារមួយនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនមែនជាវិធីបន្លាមុត យកបន្លាជួសនោះទេ ពោលជាការយកពូថៅមកវាយបំបាក់បន្លា ដែលមានចោលតែម្ដងកុំឲ្យនាំភាពចង្រៃដល់គេឯង។ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា ថ្ងៃក្រោយប្រសិនបើក្រុមអតីតបក្សប្រឆាំងប្រកាស នាំគ្នាទទួលទានអីដើម្បីជួបជុំគ្នានោះ សម្ដេចក៏ប្រកាសឲ្យសមាជិកបក្សប្រជាជនហូបដូចគ្នាផងដែរ។
ផ្ដើមចេញពីបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេចថា នំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ព្រោះនំបញ្ចុកជារបស់ខ្មែរ ហើយប្រទេសនានាមិនមាននំបញ្ចុកនោះទេ ពោលមានតែកម្ពុជាមួយប៉ុណ្ណោះ តែតភ្ជាប់ក្នុងរឿងធនជ័យ៕