(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឱ្យដឹង នៅយប់ថ្ងៃទី០៥ ខែមិថុនានេះថា ខ្លួនកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្តារឡើងវិញ ចំពោះករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០(GS10-F7) និង អនុស្ថានីយទី៥(GS5-F11) មូលហេតុ បណ្តាលមកពីមានភ្លៀងខ្យល់កន្ត្រាក់ខ្លាំង បានធ្វើឲ្យបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន២៤ដើម កាលពីម្សិលមិញ ។
អគ្គិសនីកម្ពុជាបន្តថា ករណីបាក់បង្គោលភ្លើងនេះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង ភូមិអង្គ ភូមិអង្គខាងលិច ភូមិកន្ទាក ភូមិអង្គកែវ និង ភូមិស្ងួនពេជ្រ សង្កាត់កន្ទាក (២) ភូមិអង្កែវ សង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (៣)ឃុំបែកចាន ឃុំក្រាំងម្កាក់ និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
អគ្គិសនីកម្ពុជាបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ឡើងវិញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញនៅ វេលាម៉ោង២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩៕