(ភ្នំពេញ)៖ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្តល់សេវា កាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយ ក្នុងការទូទាត់សាច់ប្រាក់ ដែលរីកចម្រើនរហ័ស និងឈានមុខគេមួយ នៅកម្ពុជា បានដាក់ឲ្យប្រើប្រាស់ បច្ចេកវិទ្យាថ្មីបំផុតគឺ សេវា «Human ATM» ក្នុងប្រទេសកម្ពុជា។
សេវា «Human ATM» គឺជាសេវាដកប្រាក់ភ្លាមៗ តាមរយៈភ្នាក់ងារតារាផេ ដោយពុំចាំបាច់ប្រើកាត ATM ដើម្បីដកប្រាក់ឡើយ ពោលគឺអតិថិជន អាចដកប្រាក់ពីភ្នាក់ងារតារាផេ ដោយផ្ទាល់តែម្តង ដោយគ្រាន់ តែមានលេខគណនីធនាគារ និងទូរស័ព្ទដៃ តែប៉ុណ្ណោះ អាចដកប្រាក់បានយ៉ាងងាយស្រួល មិនចាំបាច់រង់ចាំតម្រង់ជួរនៅមុខ ទូ ATM រឺ បញ្ជរដកប្រាក់ក្នុងធនាគារទៀតឡើយ។
បច្ចុប្បន្ន ក្រុមហ៊ុនតារាផេ បានចាប់ដៃគូជាមួយធនាគារ ធនាគារ កាណាឌីយ៉ា ក.អ ដើម្បីដាក់ឲ្យប្រើប្រាស់នូវសេវាថ្មីនេះ។ ខណៈនេះតទៅ អតិថិជនធនាគារកាណាឌីយ៉ាទាំងអស់ ដែលមានគណនី អាចធ្វើការដកប្រាក់ តាមភ្នាក់ងាររបស់តារាផេ ដែលមានច្រើនជាង៣,៦០០ទីតាំងទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានគឺ ៖
១៖ គណនីបើកប្រាក់បៀវត្សមន្ត្រីរាជការ ប៉ូលីស ទាហាន (ឥតគិតកម្រៃសេវា២ដងក្នុងមួយខែ លើការដកប្រាក់)
២៖ គណនី អ៊ីហ៊្សីវ័ន្ត (Easy-One) ឬការផ្ញើប្រាក់ពីក្រៅប្រទេស (គិតកម្រៃសេវានានាអាស្រ័យ លើទំហំទឹកប្រាក់ដែលដក)
៣៖ គណនីសន្សំទូទៅ (គណនីបុគ្គល ឬគណនីសន្សំ) (គិតកម្រៃសេវានានាអាស្រ័យ លើទំហំទឹកប្រាក់ដែលដក)
៤៖ គណនីបើកប្រាក់បៀវត្សទូទៅ ដែលរួមមាន៖ គណនីប្រាក់បៀវត្សមន្រ្តីរាជការ, គណនីប្រាក់របបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល, គណនីប្រាក់របបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន, និងគណនីប្រាក់បៀវត្ស បុគ្គលិកក្រុមហ៊ុនឯកជន មានការផ្តល់ជូនពិសេសគឺ ឥតគិតកម្រៃសេវា២ដង ក្នុងមួយខែ លើការដកប្រាក់។
នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនតារាផេ លោក ភុក រដ្ឋា បានថ្លែងថា «ជាមួយនឹងភាពរីកចម្រើន នៃបច្ចេកវិទ្យា ជារៀងរាល់ថ្ងៃ យើងតែងតែពាំនាំនូវ សេវាថ្មីជាច្រើន។ ជាក់ស្តែងយើងបានដាក់ឲ្យប្រើប្រាស់សេវាថ្មីនេះ គឺ សេវា «Human ATM» ដែលជាជំនួយដល់អតិថិជន ដែលរស់នៅឆ្ងាយពីទីតាំងធនាគារ ឬម៉ាស៊ីន ATM ហើយមានតម្រូវការដកប្រាក់។ ពួកគាត់អាចដកប្រាក់របស់ពួកគាត់ នៅភ្នាក់ងារតារាផេណាមួយ ដែលមានទីតាំងនៅជិតផ្ទះ ឬកន្លែងធ្វើការរបស់ពួកគាត់បំផុត»។
លោកបានបន្ថែមទៀតថា មានធនាគារជាច្រើនបានបំពាក់ ម៉ាស៊ីន ATM សម្រាប់ឲ្យអតិថិជនធ្វើការដកប្រាក់ និងផ្តល់ភាពងាយស្រួល ប៉ុន្តែការចំណាយរបស់ធនាគារអស់ថវិកាជាច្រើន ម្យ៉ាងទៀត ទោះជាយ៉ាងណាក៍ដោយ ម៉ាស៊ីន ATM នៅតែជាម៉ាស៊ីន វាមានទម្ងន់ធ្ងន់ មិនរួសរាយ និងមិនបត់បែនដូចមនុស្សឡើយ។
លោកថា «អតិថិជនជានិច្ចកាល នៅតែចង់ធ្វើការប្រាស្រ័យទាក់ទង ជាមួយមនុស្សដូចគ្នា ដើម្បីអាចយល់ពីបញ្ហារបស់ពួកគាត់ និងដើម្បីផ្ដល់នូវដំណោះស្រាយនានា ជូនពួកគាត់ឲ្យបានលឿន ជាពិសេសនៅពេល ដែលបញ្ហានោះ ពាក់ព័ន្ធនឹងរឿងប្រាក់កាស ដូច្នេះហើយយើងជឿជាក់យ៉ាងមុតមាំថា សេវា «Human ATM» ជាអ្វីដែលអតិថិជន ត្រូវការជាចាំបាច់»។
បន្ថែមពីលើសេវាកម្មដកប្រាក់ ចេញពីគណនីធនាគារនេះដែរ អតិថិជនតារាផេទាំងអស់ ក៏អាចរីករាយនឹងសេវាដទៃទៀតជាច្រើន ពីភ្នាក់ងារតារាផេដែលមាននៅទូទាំងប្រទេសផងដែរ ដែលរួមមានដូចជា៖ សេវាកម្មផ្ទេរប្រាក់ ដកប្រាក់/ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់កម្ចីធនាគារ បង់ថ្លៃសេវាធានារ៉ាប់រង និងសេវាកម្មដទៃៗទៀតជាច្រើន ដែលនឹងត្រូវដាក់បញ្ចូលក្នុងថ្ងៃអនាគត៕