(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ បានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ចំនួន២០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ១៥កន្លែង សិក្សាក្នុងរយៈពេល ៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥កន្លែង សិក្សារយៈពេល២ឆ្នាំ ដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ នៃអង្គភាពព័ត៌មាន Fresh News។ អាហារូបករណ៍១០០ភាគរយ ២០កន្លែង ដែលសាកលវិទ្យាល័យបញ្ញាជាតិ បានផ្តល់ជូនអង្គភាពព័ត៌មាន Fresh News សរុបទឹកប្រាក់ស្មើ ៣១,៥០០ដុល្លារ សហរដ្ឋអាមេរិក។
លោកជំទាវឧកញ៉ាបណ្ឌិត ជា សវណ្ណនី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិ បានបញ្ជាក់ឲ្យដឹងថា «សាកលវិទ្យាល័យបញ្ញាជាតិ ជាគ្រឹះស្ថានឩត្តមសិក្សាឯកជន តែមួយគត់ដែលបង្កើតឡើងដើម្បីអភិវឌ្ឍធនធានមនុស្ស និងផ្តោតសំខាន់លើចំណេះដឹង សមត្ថភាព បញ្ញា និងគុណធម៍របស់និស្សិត។ និស្សិតដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យបញ្ញាជាតិ គឺជានិស្សិតដែលមានសមត្ថភាពគ្រប់គ្រាន់ជំនាញច្បាស់លាស់ ព្រមទាំងទទួលបានការងារនិងមុខតំណែងល្អៗនៅតាមបណ្តាក្រសួង មន្ទីរ ធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា...។ ក្នុងឆ្នាំ២០១៩-២០២០ខាងមុខនេះ សាកលវិទ្យាល័យបញ្ញាជាតិ សូមផ្តល់អាហារូបករណ៍ ១០០%ចំនួន ២០កន្លែង សម្រាប់សិក្សាបរិញ្ញាបត្រ ១៥កន្លែងសិក្សារយ:ពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែងសិក្សារយ:ពេល២ឆ្នាំ ជូនលោកអគ្គនាយកដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសឳ្យរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
លោក លឹម ជាវុត្ថា សូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវឧកញ៉ាបណ្ឌិត ជា សវណ្ណនី ដែលបានផ្តល់អាហារូបករណ៍១០០% ចំនួន២០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់អង្គភាពព័ត៌មាន Fresh News។ លោក លឹម ជាវុត្ថា សង្ឃឹមការផ្តល់អាហារូបករណ៍របស់ សាកលវិទ្យាធិការ សាកលវិទ្យាល័យបញ្ញាជាតិ នាពេលនេះនឹងជួយសម្រូលដល់ការសិក្សា របស់សិស្សានុសិស្សបានថែមមួយកំរិតទៀត។
លោក លឹម ជាវុត្ថា បានថ្លែងថា អាហារូបករណ៍១០០% ចំនួន២០កន្លែងនេះ នឹងចែកជូនដល់និស្សិតក្រីក្រដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ សូមទំនាក់ទំនង៖ 088 955 7855 ឬ 017 608 006 ៕