(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ គឺជាថ្ងៃផ្តើមខែ Syawal និងក្នុងឱកាសនៃការប្រារព្ធពិធី Hari Raya Aidilfitri ឬ Eid Mubarak, ស្ថានទូតម៉ាឡេស៉ីនៅភ្នំពេញ បានរៀបចំពីធីស្រាយបួស «AIDILFITRI 2019» នៅអគារ Dewan Malaysia នាទីតាំងស្ថានទូតរបស់ខ្លួនយ៉ាងអធិកអធម។
ក្នុងពិធីនេះ មានការចូលរួមពីជនជាតិម៉ាឡេស៉ី ដែលមានអាសយដ្ឋាន នៅក្នុងរាជធានីភ្នំពេញ ចំនួនប្រហែល២០០នាក់ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងតំណាងអ្នកការទូតជាច្រើនទៀត។
ភ្ញៀវទាំងអស់ ត្រូវបានទទួលស្វាគមន៍ដោយម្ហូបអាហារចូលឆ្នាំជាច្រើនមុខ ដូចជា Ketupat (បាយដំណើបខ្ចប់ស្លឹកដូង), Rendang (សាច់គោឆាហិរ និងសាច់មាន់), Nasi Beriani (បាយឥណ្ឌា), Satay (សាច់អាំងចង្កាក់) និងម្ហូបជាច្រើនមុខទៀត។
Hari Raya Aidilfitri ជាឱកាសដ៏សំខាន់មួយនៅក្នុងប្រតិទិនអ៉ីស្លាម ដែលបានប្រារព្ធដោយសាសនិក អ៉ីស្លាមទូទាំងពិភពលោក។ វាជាថ្ងៃបញ្ចប់នៃខែបួស ហៅថា រ៉ាម៉ាដាន។
ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន សាសនិកអ៉ីស្លាមទូទាំងពិភពលោក ត្រូវតែតមអាហារ ក្នុងអំឡុងពេលថ្ងៃ ក្នុងរយៈពេលយ៉ាងហោចណាស់៣០ថ្ងៃ។ សាសនិកអ៉ីស្លាមប្រើប្រតិទិនចន្ទគតិ ដើម្បីកំណត់ថ្ងៃសំខាន់ៗដូចជា Ramadan និង Syawal ដែលកើតឡើងក្នុងខែផ្សេងគ្នា ក្នុងប្រតិទិន គ្រីកូរៀន ជារៀងរាល់ឆ្នាំ។
ក្នុងខែ Syawal សាសនិកអ៉ីស្លាម ភាគច្រើនបើកទ្វារផ្ទះរបស់ពួកគេ ទទួលស្វាគមន៍មនុស្សគ្រប់គ្នា ដោយមិនគិតពីជាតិសាសន៍ វប្បធម៌ និងតួនាទីឡើយ ដើម្បីចូលរួមសប្បាយរីករាយទាំងអស់គ្នា។
ស្ថានទូតម៉ាឡេស៉ី ក៏បើកទ្វារទទួលស្វាគមន៍មនុស្សគ្រប់ទិសទី ដោយមិនគិតពីសាសនា តួនាទី ឬប្រវត្តិឡើយ ដើម្បីពង្រឹងនូវការរួបរួមសហការ និងលើកកម្ពស់សមាហរណកម្មជាតិសាសន៍ ក៏ដូចជាការយល់ដឹងអំពីពិធីបុណ្យ និងវប្បធម៌៕