(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
យោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ បានឱ្យដឹងថា ពិធីប្រគល់សញ្ញាបត្រនៅថ្ងៃស្អែកនេះ ជាការប្រគល់លើកទី៣ហើយ បន្ទាប់ពីសាកលវិទ្យាល័យចាប់ផ្តើមការបណ្តុះបណ្តាលនៅឆ្នាំ២០០៧។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើជំនាញទន្តបណ្ឌិត, ឱសថសាស្ត្រ, គិលាននុបដ្ឋាក និងឆ្មប។
សាកលវិទ្យាល័យបានឱ្យដឹងដែរថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនេះ មាននិស្សិតជាច្រើន បានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្តនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេសមានដូចជា ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។
លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រាប់ Fresh News ថា ពិធីប្រគល់សញ្ញាប័ត្រនេះ ជាការអបអរសាទរដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងសិក្សា បូករួមទាំងការតាំងចិត្តដ៏មោះមុត និងបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ គឺសុទ្ធតែជាសម្ធិផលដែលគួរឲកោតសរសើរសម្រាប់ពួកគេក្នុងនាមជានិស្សិត។
លោកប្រធានក្រុមប្រឹក្សាភិបាលបន្តថា ការប្រគល់សញ្ញាបត្រនេះ ជាការបោះជំហ៊ានទៅមុខមួយជំហ៊ានទៀតរបស់និស្សិតជយលាភីគ្រប់រូបឆ្ពោះទៅកាន់ការចាប់ផ្តើមប្រឡូកក្នុងអាជីពការងារ ដែលសង្គមកំពុងត្រូវការនូវធនធានមនុស្ស ដើម្បីការអភិវឌ្ឍន៍នៅក្នុងប្រទេស។
«និស្សិតដែលបានបញ្ចប់ការសិក្សា និងមានវត្តមាននៅថ្ងៃនេះ គឺជាសរសៃឈាមដ៏រឹងមាំក្នុងការពង្រឹងគុណភាព ទាំងផ្នែកសុខាភិបាល និងផ្នែកសេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនកម្ពុជាទាំងមូល។ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណដល់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានអញ្ជើញជាមហាកិត្តិយសនៅក្នុងការចូលរួមកម្មវិធីដ៏មានអត្ថន័យនេះ។ យើងទាំងអស់គ្នាសង្ឃឹមថា និស្សិតដែលបានបញ្ចប់ការសិក្សាទាំងអស់នេះ អាចនាំយកសមិទ្ធិផលដ៏ជោគជ័យនៅពេលនេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់យើងទៅថ្ងៃមុខ»។ លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់។
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បាបង្កើតឡើងនៅឆ្នាំ២០០៧ មកដល់ពេលបច្ចុប្បន្នមានរយៈពេល ១២ឆ្នាំហើយ។ សាកលវិទ្យាល័យបានវិវត្តន៍ខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃឲកាន់តែរឹងមាំនៅក្នុងការពង្រឹងគុណភាពទៅលើវិស័យអប់រំធនធានមនុស្ស។ សមិទ្ធផលដ៏ជោគជ័យជាច្រើនបានកើតមានជាបន្តបន្ទាប់ ក្នុងនោះនិស្សិតផ្នែកទន្តសាស្ត្រជំនាន់ទី១ បានប្រលងជាប់មានចំនួន ១០០ភាគរយ និងនិស្សិតផ្នែកឱសថសាស្ត្រ បានប្រលងជាប់មានចំនួន ៩៩ភាគរយ នៅក្នុងការប្រលងចេញថ្នាក់ជាតិនាឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
សាកលវិទ្យាវិទ្យាល័យ បានចាត់ទុកសមិទ្ធផលទាំងនេះ ជាការស្តែងចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់និស្សិត បូករួមទាំងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗ ដែលជំរុញឱ្យនិស្សិតមានមោទនភាពនៅក្នុងការបញ្ចប់ការសិក្សាដ៏ជោគជ័យរបស់ពួកគេពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រផ្ទាល់។
លោក Ian Findlay សាកលវិទ្យាធិការសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានឱ្យដឹងថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ តែងតែយកចិត្តទុកដាក់ទៅលើការអប់រំ ការបង្ហាត់បង្រៀន និងលើកទឹកចិត្តឱ្យនិស្សិតក្លាយខ្លួនជាអ្នកដឹកនាំមួយរូបនាពេលអនាគត ជាមួយចំណេះដឹងដ៏ទូលំទូលាយជាលក្ខណៈអន្តរជាតិ។
លោកសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យមានការជឿជាក់យ៉ាងមុតមាំទៅលើនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នឹងអាចពាំនាំយកនូវចំនេះដឹង និងបទពិសោធន៍ របស់ពួកគេសម្រាប់ជាប្រយោជន៍នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលជាច្រើនឆ្នាំខាងមុខទៀត៕