(ភ្នំពេញ)៖ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពីការរៀបចំពិធីហូបនំបញ្ចុកនៅគ្រប់មូលដ្ឋាន ដែលមានឈ្មោះថា «នំបញ្ចុកតេជោសន្តិភាព» នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ហើយដើម្បីអំពាវនាវក៏ដូចជាបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ លោក សាន្ត ប៊ុនធឿន បានបញ្ចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា «នំបញ្ចុកសាមគ្គី តេជោសន្តិភាព» ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។
ជាការពិតណាស់ ក្រោយពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យបងប្អូនជនរួមជាតិកម្ពុជា ចូលរួមហូបនំបញ្ចុក ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ ហើយនោះ គេសង្កេតឃើញ មានមហាជនជាច្រើន រួមទាំងសិល្បករ សិល្បការនី បានបង្ហោះនូវរូបភាពជាបន្តបន្ទាប់ បង្ហាញពីសកម្មភាព ហូបនំបញ្ចុក យ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងនោះ លោក សាន្ត ប៊ុនធឿន ក៏បានបញ្ចេញនូវបទចម្រៀងមួយបទ ក្នុងន័យអំពាវនាវបន្ថែមដល់បងប្អូនខ្មែរ ចូលរួមរៀបចំពិធីហូប នំបញ្ចុកនៅគ្រប់មូលដ្ឋាន ដោយគាំទ្រ និងចូលរួមគោរពតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះក្នុងអត្ថន័យនៃបទចម្រៀងរបស់លោក សាន្ត ប៊ុនធឿន គឺរៀបរាប់ពីនំបញ្ចុករបស់ខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងរបៀបធ្វើនំបញ្ចុកថែមទៀតផង។
តោះ! ចង់ដឹងថា «នំបញ្ចុកសាមគ្គី តេជោសន្ដិភាព» របស់ លោក សាន្ត ប៊ុនធឿន មានអត្ថន័យយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា៖