(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរជំនាញ ដើម្បីសិក្សាឡើងវិញរាល់សំណង់ទាំងឡាយណា ដែលបានសាងសង់រំលោភបំពានលើដីប្រឡាយ ដែលជាហេតុនាំឲ្យប្រឡាយរួមតូចចង្អៀត ដែលតែងបង្កបញ្ហានៅពេលរដូវវស្សា ធ្វើឱ្យចរន្តទឹកហូរមិនទាន់ បានបង្កឱ្យមានទឹកលិចនៅផ្នែងខាងលើទៀតផង។
ការជំរុញបែបនេះរបស់លោកអភិបាលខេត្តសៀមរាប បានធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូខេត្តចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលបានកំពុងធ្វើអាជីវកម្មលក់ដូរទំនិញ របស់ខ្លួននៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ខេត្តសៀមរាប ដើមី្បក្តាប់នូវរាល់បញ្ហាមួយ ចំនួនរបស់បងប្អូនអាជីវករ ដោយមានអមដំណើរដោយ លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ចៅសង្កាត់ និងប្រធានគ្រប់គ្រងផ្សារដើមក្រឡាញ់ ចូលរួមផងដែរ។
លោក ទៀ សីហា ក៏បានសុំឱ្យនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងសាលាក្រុងសហការគ្នាជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ត្រូវធ្វើការស្រង់នូវទិន្និន័យចំពោះបងប្អូនអាជីវករ ដែលមានតូបលក់ដូរហើយ តែមិនបាន មកលក់នៅកន្លែងរបស់ខ្លួន ហើយទៅលក់ដូរតាមបែបអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឱ្យរំខានដល់ការ ធ្វើចរាចរណ៍ទៅមក និង ចំពោះបងប្អូនអាជីវករដែលគ្មានទីកន្លែងលក់ដូរផងដែរ។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចជា សន្តិសុខផ្សារ ត្រូវធ្វើការទទួលខុសត្រូវខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ដោយមិនអនុញ្ញាតគ្រប់យានយន្ត បើកបរចូលក្នុងផ្សារដើមី្បទិញឥវ៉ាន់ នោះឡើយ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យបានល្អ ដើមី្បធានាដល់ចរន្ត ទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង។
លោកក៏បានលើកផងដែរថា ផ្សារដើមក្រឡាញ់នេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈទៀតផង។ ម៉្យាងទៀតដោយទៅផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ។
ឆ្លងតាមការបញ្ជាក់របស់លោក សុខ តុញ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមក្រឡាញ់ បានឱ្យដឹងថា ចំពោះបញ្ហាដែលកើតឡើងកន្លងមក ជាមួយអាជីវករផ្សារ ត្រូវបានបញ្ចប់ហើយ ក្រោមកិច្ចសហការជាមួយសាលាខេត្ត សាលាក្រុង ដោយបងប្អូនបានធ្វើការឯកភាពគ្នា ក្នុងការចាប់ឆ្នោតយកតូបលក់ដូររបស់ខ្លួន។ ម៉្យាងទៀតចំពោះភាពអាណាធិបតេយ្យ ក្នុងការលក់ដូរនៅលើផ្លូវនោះ គឺបណ្តាមកពីបងប្អូន ដែលរស់នៅតាមផ្ទះល្វែងជុំវិញផ្សារនេះ បានជួលឱ្យពួកគាត់លក់ដូ បន្លែ ត្រីសាច់ ដែលធ្វើឱ្យកកស្ទះចរាចរណ៍ទៅមក លើផ្លូវចាក់បេតុងជុំវិញផ្សារនេះ។
តាមការបញ្ជាក់ ក៏ដូចជា សំណូមពររបស់បងប្អូនអាជីវករ ដែលមានតូបលក់ដូរនៅជាន់ខាងលើ ក៏បានលើកឡើងដូច ប្រធានគណៈកម្មការគ្រប់គ្រងផ្សារផងដែរ។ អ្នកមីងក៏បានសំណូមពរដល់អភិបាលខេត្ត ក៏ដូចអភិបាលក្រុង សុំជួយធ្វើអន្តរាគមន៍ ចំពោះបងប្អូនអាជីវករមួយចំនួន ដែលបានមានតូបលក់ដូរ នៅជាន់ខាងលើសុំឱ្យចូលមកលក់នៅតាមទី កន្លែងរបស់ខ្លួន គឺ មិនត្រូវទៅលក់ដូរនៅលើដងផ្លូវសាធារណៈ ដែលជួលដោយម្ចាស់ផ្ទះល្វែង តាមបែបអាណាធិបតេយ្យ នោះឡើយ។
ម៉្យាងទៀតក៏សុំឱ្យគណៈគ្រប់គ្រងផ្សារត្រូវបញ្ឈប់ការឱ្យជិះម៉ូតូចូលទិញឥវ៉ាន់នៅតាមតូបលក់ដូរ ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់ក្នុងផ្សារ និងសុំឱ្យអ្នកលក់ដូរទាំងឡាយ ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងផ្សារមិនត្រូវយកកាកសំណល់ ទៅចាក់ចូលក្នុងប្រឡាយលូឡើយ ដែលបង្កឱ្យជួបនូវអន្តរាយនាពេលរដូវវស្សា ហើយបែទៅបន្ទោសអាជ្ញាធរមូលដ្ឋានទៅវិញ។ ក្នុងនោះដែរក៏មានក្រុមបងប្អូនអាជីវករ ដែលគ្មានទីកន្លែងលក់ដូរនឹងគេ ក៏បានសុំឱ្យលោកអភិបាលខេត្តជួយដោះស្រាយ ដើមី្បបានទីកន្លែងលក់ដូរ ដូចបងប្អូនអាជីវករឯទៀតផងដែរ។
ក្នុងការចុះជួបសំណេះសំណាលនោះ លោកអភិបាលខេត្ត រួមប្រតិភូអមដំណើរ ក៏បានអញ្ជើញពិសារនំបញ្ចុកដែលជានំរបស់ដូនតាខ្មែរយើង បានបន្សល់ទុក តកូនចៅគ្រប់ដំណរតរៀងមក។ ម៉្យាងទៀត នំបញ្ចុកនេះក៏មានជីវប្រវត្តិជា យូលុងមកហើយផងដែរ នៅក្នុងរឿងព្រេងបុរាណ (ធនជ័យ) ដែលជាអ្នកប្រាជ្ញខ្មែរយើង បានបង្កើតឡើងនូវនំបញ្ចុកនេះ ហើយបានមកដល់បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើជាមុខរបរ អាជីវកម្មសម្រាប់ចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារទៀតផង៕