(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញតាមចាប់ខ្លួន មុខសញ្ញាចោរឆក់ នៅក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីនគរបាលរងរបួសធ្ងន់ ឈ្មោះ ផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំ រហស្សនាមពោធិ៍២៥អ៊ិច មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនសង្ស័យម្នាក់ ឈ្មោះ ទូច សម្ផស្ស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ រ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀត និងកម្លាំងនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ ដែលកំពុងជិះម៉ូតូម៉ាកហុងដា ស្កូបពី១គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូប និងខ្សែកនៅតាមផ្លូវ។

ដោយជននោះ គឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង។ ខណៈនោះដេញមិនទាន់ ជនខាងលើ បានគេចខ្លួនបាត់ ហើយស្របពេលនោះ ក៏ប្រទះឃើញជនសង្ស័យជន២នាក់ខាងលើ កំពុងជិះម៉ូតូអាសង់ប៊ិច១គ្រឿង គួរឲ្យសង្ស័យខ្លាំងកម្លាំង។

ភ្លាមៗកម្លាំង ក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ និងបុកបណ្ដាលឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ ក៏ដួលម៉ូតូដែរ និងត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗដែរ។ បន្ទាប់មកបាននាំទៅសាកសួរ នៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕