(ភ្នំពេញ)៖ លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា យើងជាមន្ត្រីសុខាភិបាល ដាច់ខាតមិនត្រូវធ្វើនូវអំពើដែលមិនគប្បី ដោយយកឈ្មោះអ្នកជំងឺក្រីក្រ ឈ្មោះខ្មោចមកបើកលុយ ដើម្បីរកចំណូលពីមូលនិធិសមធម៌ដាច់ខាត។

លោកបានបញ្ជាក់ថា មន្រ្តីសុខាភិបាល គឺមិនត្រូវយក ID របស់អ្នកជំងឺក្រីក្រ មកបើកលុយទាំងមិនមានអ្នកជំងឺនោះទេ នេះជាកំហុសដ៏ធ្ងន់ធ្ងរណាស់ ហើយចាប់ពីពេលនេះទៅ សុំឱ្យបញ្ចប់នូវការធ្វើករណីរបៀបនេះទៀត ឱ្យបានគ្រប់កន្លែងទាំងអស់ បើមិនដូចនេះទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់។

លោក អេង ហួត បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយឱ្យអនុវត្តកញ្ចប់តាវកាលិក និងយន្តការទូទាត់អ្នកផ្តល់សេវារបស់មូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រក្នុងប្រព័ន្ធកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ ( Patient Management Registration System - PMRS) និងប្រព័ន្ធទំនាក់ទំនងឥតបង់ថ្លៃ (hotline) អំពីមូលនិធិសមធម៌សុខាភិបាល នៅសណ្ឋាគារភ្នំពេញ។

លោក អេង ហួត បានថ្លែងថា ដើម្បីឱ្យមូលដ្ឋានសុខាភិបាល អនុវត្តការងារនេះបានតម្រូវឱ្យទីភ្នាក់ងារ បញ្ជាក់ចំណាយសេវាសុខាភិបាល អភិវឌ្ឍន៍កម្មវិធី PMRS បន្ថែមនូវកញ្ចប់សេវាសុខាភិបាលទាំង ៣៩ ដែលមានចែងក្នុងកញ្ចប់តាវកាលិកថ្មីនេះ។ កញ្ចប់សេវាបានចែងក្នុងគោលការណ៍ណែនាំ ដោយបានផ្សារភ្ជាប់ជាមួយប្រព័ន្ធអេឡិចត្រូនិច កត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ និងតម្រង់ទិសអ្នកផ្តល់សេវាឆ្ពោះទៅកាន់ ការប្រើប្រាស់ពិធីព្យាបាលសមស្របតាមបច្ចេកវិទ្យាទំនើប ដែលអាចរួមចំណែកជាមូលដ្ឋានក្នុងការទូទាត់ថ្លៃសេវាសមស្រប ដើម្បីឱ្យអ្នកជំងឺបានទទួលសេវាសុខភាពដែលមានគុណភាពបំផុត។

លោក អេង ហួត បានបន្ថែមថា ចាប់តាំងពីពេលផ្សព្វផ្សាយ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល បានខិតខំប្រឹងប្រែងកែសម្រួលប្រពន្ធ័ប្រព័ន្ធអេឡិចត្រូនិច កត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ មកដល់ថ្ងៃនេះ អាចផ្សព្វផ្សាយជូនមូលដ្ឋានសុខាភិបាល ឱ្យអនុវត្តនូវកញ្ចប់តាវកាលិក និងយន្តកាទូទាត់ថ្លៃសេវាថ្មីរបស់កម្មវិធី មូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ តាមប្រព័ន្ធអេឡិចត្រូនិច កត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺបាន ដែលនេះជាកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ដែលបានអនុវត្តការងារបានជោគជ័យ។

លោក អេង ហួត បានថ្លែងបន្តថា ខ្ញុំសូមកោតសរសើរដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ដឹកនាំសហការ និងអនុវត្តកម្មវិធីមូលនិធិសមធម៌សុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ថ្វីត្បិតតែមានភាពអវិជ្ជមាននានា ដែលបានរកឃើញ ដូចជា៖ ករណីជំងឺខ្មោច ការផ្តល់ថ្នាំដោយគ្មានអ្នកជំងឺ ការយកបណ្ណ័ ប.ស.ស មកទូទាត់ពីមូលនៃសមធម៌ ការទៅដឹកអ្នកជំងឺក្រីក្រ មកមណ្ឌលសុខភាព ក្នុងគោលបំណងស្នើសុំការទូទាត់ថវិកា ពីគម្រោងមូលនិធិសមធម៌សុខាភិបាលយ៉ាងណាក៏ដោយ។ សង្ឃឹមថា មន្ត្រីមូលដ្ឋានសុខាភិបាលទាំងអស់ អនុវត្តកាងារថ្មីនេះប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព ទន្ទឹមនេះមូលដ្ឋានសុខាភិបាលត្រូវលប់បំបាត់ឱ្យអស់នូវភាពអវិជ្ជមាន ដែលធ្លាប់បង្កើតឱ្យមាន ផ្ទុយពីគោលការណ៍ណែនាំប្រតិបត្តិមូលនិធិសមធម៌សុខាភិបាល៕