(ព្រះសីហនុ)៖ អ្នកស្រាវជ្រាវផ្នែកអប់រំមកពី វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស នៃប្រទេសអង់គ្លេស (Overseas Developmen Institute) លោកស្រី Linda Calabrese បានធ្វើទស្សនកិច្ចមកខេត្តព្រះសីហនុ ដើម្បីធ្វើការសិក្សាឈ្វេងយល់លើអត្ថប្រយោជន៍ ឬឱកាសផ្សេងៗ ដែលប្រទេសកម្ពុជា ទាញយកពីគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។
ដំណើរទស្សនកិច្ចនេះ ប្រតិភូដឹកនាំដោយ លោកស្រី Linda Calabrese បានចូលជួបពិភាក្សាជាមួយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ហើយជំនួបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។
នាឱកាសនោះ លោកស្រី Linda Calabrese អ្នកស្រាវជ្រាវផ្នែកអប់រំមកពីវិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស នៃប្រទេសអង់គ្លេស (Overseas Developmen Institute) បានថ្លែងថា គោលបំណងរបស់ក្រុមការងារលោកស្រី គឺចង់ធ្វើការស្វែងយល់អំពីអត្ថប្រយោជន៍ ឬឱកាសផ្សេងដែលប្រទេសកម្ពុជា បានទទួល ឬទាញយកពីគម្រោង «ខ្សែក្រវាត់ និងផ្លូវ» និងផលប្រយោជន៍ និងផលប៉ះពាល់លើគម្រោងនេះ។ ជាពិសេស ការចូលមកប្រកបរបរកស៊ី របស់អ្នកវិនិយោគទុនចិន ដូចជាការបើកហាងតូចៗ ហាងកាត់សក់ និងការប្រកបរបររត់តាក់ស៊ីជាដើមនោះ ថាតើមានផលប្រយោជន៍អ្វីខ្លះ ដល់រដ្ឋបាលខេត្តព្រះសីហនុ?។
ជំនួបនោះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានជំរាបជូនពីផលប្រយោជន៍ជាច្រើន ដែលទទួលបានពីការអភិវឌ្ឍរបស់វិនិយោគចិន នៅខេត្តព្រះសីហនុ ផ្តើមចេញពីគម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។
លោក ជាវ វិជ្ជាក់ បន្តថាគម្រោងខាងលើនេះ សម្រាប់ខេត្តព្រះសីហនុ ទទួលបានផ្តល់ផលប្រយោជន៍ផ្នែកការទូតរវាងខេត្តព្រះសីហនុ និងទីក្រុងមួយចំនួន នៃប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅអ៊ឺរ៉ុប មានដូចជា៖ សហរដ្ឋអាមេរិកផងដែរ គឺនៅលើវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម, វប្បធម៌, កសិកម្ម និងវិស័យផ្សេងទៀត ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អនៅលើឆាកអន្តរជាតិ។ ពិសេសខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់យកធ្វើកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខថែមទៀតផង។
លោកបន្តថា គម្រោង «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន បានជំរុញលើការងារការវិនិយោគលើគ្រប់វិស័យ បង្កើនសេដ្ឋកិច្ចមានសន្ទុះលឿន ហើយថា នៅពេលខាងមុខ ខេត្តព្រះសីហនុ នឹងមានផ្លូវល្បឿនលឿន ប្រវែង១៩០គីឡូម៉ែត្រ, មានកំពង់ផែទឹកជ្រៅ, មានកុងតឺន័រឆ្លងកាត់ចេញ ចូល៧៣ភាគរយ, មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ និងមានរោងចក្រសរុប២១០។
លោកបន្តថា ខេត្តព្រះសីហនុ នឹងមានការពង្រឹកព្រលានយន្តហោះ ទទួលបានភ្ញៀវទេសចរជាង១លាននាក់ ក្នុងមួយឆ្នាំ និងកំពុងពង្រីកផ្លូវហោះហើររហូតដល់ ៣,៣០០ម៉ែត្រ ដើម្បីទទួលយន្តហោះខ្នាតធំចុះចតបាន។ បន្ថែមលើនេះ ចំពោះផ្លូវដែកក៏កំពុងតែបន្តជួសជុលបង្កើនគុណភាពបម្រើសេវាកម្មដឹកជញ្ជូន ក្នុងនោះវិស័យទេសចរណ៍ទទួលបានភ្ញៀវជាង២លាននាក់ ក្នុងឆ្នាំ២០១៨។
លោក ជាវ វិជ្ជាក់ បានឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច គំរូពហុបំណងធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលមានវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិកម្ម និងទេសចរណ៍ជាសំខាន់៕