(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា អតីតយុទ្ធជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខមាលភាពជីវភាពរស់នៅ ការផ្ដល់សម្បទានដីសង្គមកិច្ច និងគ្រួសារអតីតយុទ្ធជន កសាងភូមិអភិវឌ្ឍន៍យោធិនពិការជាដើម។
ការលើកឡើងបែបនេះ របស់អភិបាលខេត្តក្រចេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោករួមជាមួយ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ត្រីក្រោមឱវាទ អង្គភាពពាក់ព័ន្ធ ព្រមទាំងអតីតយុទ្ធជនជិត៤០០នាក់ បានរៀបចំខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រប ខេត្តក្រចេះ។
នៅក្នុងឱកាសនោះដែរ លោក វ៉ា ថន បានថ្លែងថា អតីតយុទ្ធជន បាននឹងកំពុងបំពេញតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់តួនាទី របស់បងប្អូនអតីតយុទ្ធជន នៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក និងចលនាប្រឡងប្រណាំងពូកែ ដើម្បីលើកកម្ពស់ជីវភាព របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ បានឲ្យដឹងថា ការប្រារព្ធពិធីខួបទិវាអតីតយុទ្ធជនកម្ពុជា នាឱកាសនេះ គឺជាព្រិតិ្ដការណ៍ជាតិដ៏សំខាន់ ដើម្បីរំលឹកដល់ គំរូវិរះភាពដ៏មោះមុត និងគុណបំណាច់ដ៍ធំធេងរបស់វិរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិដ៏បវនៃយើង ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណះទឹកដី កសាងសន្តិភាព ស្ថិរភាពសម្រាប់កម្ពុជា សំដៅឲ្យមានការអភិវឌ្ឍន៍សង្គមដើម្បីប្រយោជន៍សម្រាប់ប្រទេសជាតិ។
លោកបានបន្តថា ដូច្នេះ ដើម្បីឆ្លើយតបឲ្យបានសាកសម ទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិសំដៅលើកកម្ពស់ម្នាក់ សិកាស្នេហាជាតិស្មារតី លះបង់របស់ប្រជាជន គ្រប់ស្រទាប់ក្នុងបុព្វហេតុជាតិមាតុភូមិ បច្ចុប្បន្នអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុក ដែលកំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្ររបស់មន្ទីរសង្គមកិច្ច។
គិតត្រឹម ខែឧសភា ឆ្នាំ២០១៩នេះ សរុបចំនួន ១,២៥១នាក់ និងអ្នកនៅក្នុងបន្ទុកសរុប ១,៧៤៩នាក់ ក្នុងនោះ មាននិវត្តជនចំនួន ៤២៧នាក់ ជានគរបាល ២៧៩នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន៦២នាក់ នគរបាល ៥នាក់ ជនពិការចំនួន១៨៦នាក់ នគរបាល ១០នាក់ គ្រួសារជនពលីចំនួន ៤៥១នាក់ នគរបាល ៩៤នាក់ គ្រួសារមរណៈចំនួន ៤៥១នាក់ នគរបាល ៥០នាក់ ដែលត្រូវចំណាយថវិការដ្ឋក្នុងមួយខែចំនួន ៤៧០,៧៨៤,៤៤៦រៀលគត់ និងបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសព សមាជិកសមាគមគិតចាប់ចាប់ពី ឆ្នាំ២០០៧ នៃការបង្កើតសមាគម រហូតដល់បច្ចុប្បន្នបានចំនួន ២៣២សព សរុបទឹកប្រាក់មាន ៩២៨លានរៀល។
បន្ថែមពីនេះ លោក វ៉ា ថន ក៏បានអានសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងលើកអំពីប្រវត្តិសាស្ត្រកម្ពុជា បានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមខ្ទីចខ្ទី និងបានបន្សល់ទុកនូវការលំបាកជាច្រើន ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា បានរួចផុតពីរបបប៉ុលពត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខមាលភាព នូវជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារឲ្យបានល្អប្រសើរជាបន្តបន្ទាប់ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ព្រមទាំងស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានាផងដែរ។
លោក ក៏សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជនយុទ្ធជន និងយុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋព្រមទាំងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលផ្នែកឯកជនទាំងអស់ សូមជួយឧបត្ថម្ភគាំទ្រ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជន ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជនយុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណភាពទឹកដី មាតុភូមិអង្គរដ៏បវផងដែរ។
ក្នុងពិធីនោះដែរ មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា បានផ្ដល់អំណោយដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន២៥០នាក់ ក្នុង១នាក់ទទួលបានសារុង១ មី១កេះ ថវិការចំនួន២០,០០០រៀល ហើយអំណោយ និងថវិកាទាំងនេះ បានមកពីមន្ទីរសង្គមកិច្ច រួមគ្នាជាមួយថវិការបស់លោកអភិបាលខេត្តក្រចេះ៕