(ភ្នំពេញ)៖ ជនជាតិចិន និងជនជាតិចិនដូចគ្នា បានប្រើប្រាស់អំពើហិង្សាដាក់គ្នាមួយប្រាវ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួសបែកក្បាល និងរយៈភ្លៅខាងស្ដាំ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិន៣នាក់ បានដើរមកដល់ចំណុចក្បែរស្ថានទូតរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ មិនមានមូលហេតុអ្វីនោះទេ ស្រាប់តែបុរស២នាក់នេះ បានយកដបស្រាវាយក្បាល និងយកដបស្រាដែលវ៉ៃជនរងគ្រោះបែកក្បាលនោះ មកចាក់ភ្លៅស្ដាំ លើបុរសជនជាតិចិនម្នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដេកដួលនៅផ្លូវ។
សាក្សីបន្តថា ភ្លាមៗបុរសជនជាតិដៃដល់ទាំង២នាក់នោះ បានហៅលើទូរស័ព្ទតេហៅអ្នកណាមិនដឹងនោះទេ ក្រោយមកមានបុរសម្នាក់ បើករថយន្តដឹកជនរងគ្រោះ ប៉ុន្តែមានប្រជាពលរដ្ឋស្រែកផ្អើលឆោឡោនោះ ក៏ជនបង្កភ័យខ្លាចសមត្ថកិច្ចមកទាន់បានឡើងជិះរថយន្តម៉ាក Highlander ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2S-8007 រត់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះរត់ពេញផ្លូវរកគេជួយ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ ដើម្បីយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងធ្វើការសួរនាំដើម្បីស្រាវជ្រាវ តាមចាប់ខ្លួនេះដៃដល់៕