(ក្រចេះ)៖ លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅប្រគល់ផ្ទះអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកមកពីខេត្តកំពង់ចាម ចំនួន៣៤គ្រួសារ។
ពិធីនេះត្រូវបានធ្វើឡើងនៅ ភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមអមដំណើរពី លោក ឯក ក្រិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
បន្ទាប់ពីនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានអំពាវនាវឲ្យ បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមកដូចបងប្អូន។ ទន្ទឹមនោះត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស មរតកសន្តិភាព កុំជឿលើការញុះញង់ របស់ពួកប្រឆាំងដែលមានទណ្ឌិត សម រង្សី ជាមេក្លោង។
ដោយឡែក ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំ ស អ ក ខេត្ត ត្រូវធ្វើជាសេនាធិការឲ្យលោកអភិបាលខេត្ត ដែលជាប្រធានកិត្តិយស ស អ ក ខេត្ត ជួយដល់គ្រួសារអតីតយុទ្ធជនទាំងអស់ដែលកំពុងរស់នៅទីនេះ និងចលនាឲ្យតាមន្ទីរការិយាល័យជុំវិញខេត្ត ជួយថវិកាគាស់រានដីជូនពួកគាត់ ដើម្បីពួកគាត់មានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលា។
សូមបញ្ជាក់ថា សមាជិកអតីតយុទ្ធជន ដែលទទួលបានផ្ទះក៏ទទួលបានដីបង្កបង្កើនផល ក្នុងមួយគ្រួសារមួយហិចតាផងដែរ។
ទន្ទឹមនោះ លោកក៏បានរំលឹកឲ្យថ្នាក់ដឹកនាំ ស អ ក ខេត្តក្រចេះ និងខេត្តកំពង់ចាម ត្រូវរៀបចំឲ្យបានល្អ ក្នុងការចាត់បញ្ជូនបងប្អូនអតីតយុទ្ធជន ទៅចូលរួមទិវាអតីតយុទ្ធជន លើកទី១២ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។
ក្នុងទឹកមុខសប្បាយរីករាយបងប្អូនទាំង៣៤គ្រួសារ ដែលស័្មគ្រចិត្តមករស់នៅទីនេះ នឹងត្រូវបានទទួលផ្ទះអំណោយរបស់សម្តេច បានសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ ដែលគិតគូរដល់ពួកគាត់ដែលពីមុនរស់នៅលើដីសាធារណៈ ឲ្យបានទទួលផ្ទះទទួលដីបង្កបង្កើនផល ធ្វើឲ្យជីវិតចុងក្រោយរបស់គាត់មានលំនឹង និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីបីបាច់ថែរក្សាសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ សូមមានសេរីសួស្តី ចម្រុងចម្រើនរុងរឿងជារៀងរហូត៕