(សៀមរាប)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លូនជាបន្ដបន្ទាប់ ក្រោយរូបគេទៅជួលម៉ូតូនៅហាងមួយកន្លែង យីហោ «សៀមរាបស្គូតធឺរេនថល» មានទីតាំងភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដោយអះអាងថា យកទៅឲ្យភ្ញៀវទេសចរជិះកម្សាន្ដ ប៉ុន្ដែបែរជាយកទៅលក់ និងបញ្ចាំទៅវិញ។
របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីអំឡុងថ្ងៃទី២៩ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ឈ្មោះ អៀង គាហេង និងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូឲ្យភ្ញៀវជិះកម្សាន្ដ ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ចំនួន០៥គ្រឿង ដែលម៉ូតូខាងលើនេះជារបស់ជនរងគ្រោះ ឈ្មោះ ហុង សុថុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។
លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ ក៏បានមករកជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះឆ្ងល់ហើយសួរជនសង្ស័យថា ម៉ូតូ០៥គ្រឿង មុនយកទៅណាមិនឃើញ? ជនសង្ស័យខាងលើ បានឆ្លើយថា ម៉ូតូដែលជួលជិះនោះ គឺនៅផ្ទះសំណាក់ដោយមានការសង្ស័យ មិនឃើញម៉ូតូដែលជនសង្ស័យ ជួលជិះនោះជាច្រើនគ្រឿង ហើយបន្តជួលជិះបន្ថែមទៀត ជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ច និងនាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹង ពីជនរងគ្រោះ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប ក្រោមកិច្ចសហការរវាងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភំពេញ ដើម្បីសហការគ្នាជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការចុះស្រាវជ្រាវ និងដកហូតយកម៉ូតូរបស់ជនរងគ្រោះបានចំនួន០៥គ្រឿង ត្រឡប់មកខេត្តសៀមរាបវិញ។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលនគរបាល និងជនរងគ្រោះត្រឡប់មកសៀមរាបវិញ បុគ្គលិកហាងជួលម៉ូតូយីហោ «សៀមរាបស្គូតធឺរេនថល» បានទូរស័ព្ទប្រាប់មកជនរងគ្រោះថា មានជនសង្ស័យម្នាក់ឈ្មោះ អ៉ឹង ឆាយហេង ភេទប្រុស អាយុ២២ឆ្នាំ បានមកជួលម៉ូតូម៉ាកហុងដា CLICK ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀរាប1AC-6135 ដោយជនសង្ស័យ បានប្រាប់ទៅបុគ្គលិកជនរងគ្រោះថា ជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យបានកំពុងជិះគេចខ្លួនទៅភ្នំពេញ។
ក្រោយពីជនរងគ្រោះ និងនគរបាលក្រុងសៀមរាប ទទួលបានព័ត៌មានភ្លាមៗ ក៏បានស្នើតាមរយៈលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពីអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមកអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ។
ក្រោយសួរនាំជនសង្ស័យ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បម្រុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។ យោងតាមចម្លើយសារភាព របស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ចំណែកវត្ថុតាងដែលដកហូតបានមកវិញ ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ធ្វើការប្រគល់ទទួលជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយផងដែរ។
ជុំវិញករណីនេះកម្លាំងសមត្ថកិច្ច សូមធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករទាំងអស់ដែលប្រកប មុខរបរដូចខាងលើ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងកើតបញ្ហាដូចករណីនេះ៕