(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រួចមក លោក គួច ចំរើន បានសម្ដែងនូវការសោកស្ដាយ ដែលគ្រោះធម្មជាតិមួយនេះ បានបំផ្លិចបំផ្លាញលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានថ្លែងអបអរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការរីកចម្រើន ក្នុងជីវភាពក៏ដូចជាមានការសង់លំនៅឋានថ្មីធំៗជាច្រើន នៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ នេះផងដែរ។
លោកអភិបាលក៏បានថ្លែងបញ្ជាក់ផងដែរថា រាល់សមិទ្ធផលដែលមានព្រមទាំងភាពរីកចម្រើន របស់បងប្អូនប្រជាពលរដ្ឋដែលយើងបានឃើញនៅពេលនេះ គឺបានមក ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ដូច្នេះសុខសន្តិភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នានេះ សូមបងប្អូនជួយរក្សាឲ្យបានស្ថិតស្ថេរតទៅមុខទៀត ហើយសូមបងប្អូនប្រជាពលរដ្ឋ កុំជឿសំដីញុះញង់ពីរនាក់ខាងក្រៅ ដែលជាជនខំប្រឹងបង្កអសន្តិសុខនៅក្នុងប្រទេសរបស់យើង។
គួរបញ្ជាក់ដែរថា អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចែកជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបាន អង្គរ ២៥គីឡូក្រាម ឃីតមួយកញ្ចប់
មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង ថវិកា ១០ម៉ឺនរៀល ដោយឡែក ចំពោះគ្រួសារណាដែលរងគ្រោះធ្ងន់ធ្ងរ បានទទួលគ្រឿងឧបភោគ បរិភោគដូចគ្នា ប៉ុន្តែថវិកា១លានរៀល៕