(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន ចង់ឃើញមន្ត្រីឆ្នើមតាមបណ្ដាមន្ទីរអង្គភាព ចេះកាត់បន្ថយសេវាស្មុគស្មាញឲ្យមកជាសេវាងាយស្រួលដល់ប្រជាពលរដ្ឋយើងវិញ។ 

លោកអភិបាលខេត្ត បានថ្លែងដូច្នេះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០១៤-២០១៩។

អភិបាលខេត្ត បានថ្លែងបន្តថា ថ្វីត្បិតតែបច្ចុប្បន្ន លោកបានឃើញមន្ត្រីមានការកែប្រែបន្តិចម្ដងៗទៅហើយ ក្នុងការបម្រើសេវា ក៏ប៉ុន្តែលោកនៅតែចង់ឃើញមន្ត្រី តាមបណ្ដាមន្ទីរ អង្គភាព ដែលមានគំនិតផ្ដួចផ្ដើម និងមានឆន្ទៈក្នុងការកាត់បន្ថយសេវាស្មុគស្មាញ ធ្វើឲ្យទៅជាសេវាងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។

តាមលោកអភិបាលខេត្ត «ឥឡូវ មន្ត្រីយើងកំពុងតែប្រឹងប្រែងបម្រើ សេវាតាមច្រកចេញចូលតែមួយ ដែលកំពុងដំណើរការនៅក្នុងក្រុងស្រុក៣ គឺក្រុងកំពង់ចាម ស្រុកជើងព្រៃ និងស្រុកកំពង់សៀម ហើយក្នុងឆ្នាំនេះ គឺកំពុងតែដំណើរការនៅស្រុក ៣ទៀត គឺស្រុកចំការលើ ស្រុកព្រៃឈរ និងស្រុកបាធាយ ហើយនៅឆ្នាំក្រោយ ទូទាំងខេត្តកំពង់ចាម និងមានការិយាល័យច្រកចេញចូលតែមួយ គ្រប់ក្រុង-ស្រុកទាំង១០ តែម្ដង ដើម្បីបង្កភាពងាយស្រួលក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះជាតាមបណ្ដាស្រុក ដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយក៏ដោយ ប៉ុន្តែគណៈអភិបាលខេត្ត បានប្រជុំណែនាំឲ្យមន្ត្រី តាមបណ្ដាស្រុកទាំងនោះ អនុវត្តនូវយន្តការបំរើសេវាជូនប្រជាពលរដ្ឋ តាមបែបច្រកចេញចូលតែមួយរួចទៅហើយដែរ។

លោកអភិបាលខេត្ត ក៏បានថ្លែងផ្ដាំផ្ញើដល់គណៈអភិបាលស្រុកទាំងអស់ ខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជា ពលរដ្ឋឲ្យបានល្អប្រសើឡើងៗ នឹងត្រូវចេះកាត់បន្ថយសេវាស្មុគស្មាញ ឲ្យទៅជាសេវាងាយស្រួល ដល់បង ប្អូនប្រជាពលរដ្ឋ នៅពេលដែលពួក គាត់រត់មករកការបម្រើសេវា នោះទើបចាត់ទុកថាជាមន្ត្រីឆ្នើម៕