(កណ្តាល)៖ មណ្ឌលថែមទាំ និងស្ដារនីតិសម្បទាជនមានវិបល្ល័សស្មារតីដំបូងគេនៅកម្ពុជា នឹងចាប់ផ្ដើមដំណើរការក្នុងខែមិថុនា ឆ្នាំ ២០១៩នេះ ដោយគម្រោងជំហ៊ានដំបូងនឹងមាន ជនរងគ្រោះ ដែលមានស្មារតីមិនប្រក្រតី ប្រមាណជិត ៦០នាក់ មកស្នាក់នៅ និងទទួលសេវាថែទាំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈលោកបានដឹកនាំថ្នាក់ដឹកនាំក្រសួងជាច្រើនទៀត ចុះពិនិត្យស្ថានភាពសាងសង់មណ្ឌលថែមទាំ និងស្ដារនីតិសម្បទាជនមានវិបល្ល័សស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា សម្រាប់ទីតាំងមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្ល័សស្មារតីនេះ មានទំហំជិត៣ហិកតា មានទីតាំងស្ថិតនៅមុខ សាលាស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារបានបញ្ចប់រួចរាល់ជិត ១០០% ហើយ។

អមដំណើរក្នុងឱកាសចុះពិនិត្យមើលស្ថានភាពសាងសង់នេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានបញ្ជាក់បន្ថែមថា ការចាប់ផ្ដើមដំណើរការជំហានដំបូងនេះ នឹងមានការផ្ទេរជនមានស្មារតីមិនប្រក្រតី ប្រមាណជិត៦០នាក់ មកពីមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)មកទីតាំងថ្មីនេះ។

សម្រាប់ការដាក់ដំណើរការមណ្ឌលថែទាំនិងស្ដារនិតិសម្បទាជនមានវិបល្ល័សស្មារតីនេះ នឹងមានការបែងចែកច្បាស់លាស់ ទៅតាមប្រភេទជនរងគ្រោះ ដោយជនរងគ្រោះជាស្រ្តី ជនរងគ្រោះជាបុរស និងជនមានស្មារតីមិនប្រក្រតីធ្ងន់ធ្ងរនៅដាច់ដោយឡែកពីគ្នា និងទាមទារអោយមានមន្រ្តី និងបុគ្គលិកប្រចាំការ ២៤ម៉ោង ដើម្បីថែទាំ និងផ្ដល់សេវាកម្មផ្សេងៗ។

លោក ឈួរ សុបញ្ញា បញ្ជាក់ដែរថា មណ្ឌលថែទាំនិងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតី ពុំមែនជាទីឃុំឃាំងនោះទេ ដោយមណ្ឌលនេះ មានលក្ខណៈជាប្រព័ន្ធប្រៀបបាន ទៅនឹងផ្ទះ ដោយមានកន្លែងស្នាក់នៅ កន្លែងព្យាបាល កន្លែងបរិភោគអាហារ កន្លែងហាត់ប្រាណជាដើម ជាពិសេសសម្រាប់ជនររងគ្រោះ ដែលទទួលបានភាពធូរស្រាល មានស្មារតី ជាប្រក្រតីធម្មតាវិញ និងធ្វើសមហារណកម្ម ទៅកាន់សហគមន៍វិញ ដោយក្រសួងនឹងបន្តការតាមដានស្ថានភាពរបស់ពួកគេ៕