(ព្រះសីហនុ)៖ គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បានចូលជួបប្រជុំសំណេះសំណាល ជាមួយអភិបាលខេត្ដព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដទេសចរណ៍មួយនេះ រួមទាំងស្នើសុំអនុសាសន៍ពីអភិបាលខេត្ត ទាក់ទងនឹងការយុទ្ធសាស្ត្រអូសទាញវិនិយោគិនឲ្យ ចូលមកបណ្តាក់ទុន និងការគ្រប់គ្រងអាជីវកម្មទាំងនោះផងដែរ។
គោលបំណង នៃដំណើរទស្សនកិច្ចមកខេត្ដព្រះសីហនុ របស់គណៈប្រតិភូឡាវនាពេលនេះរួមមាន៖
*ទី១៖ ដើម្បីស្រង់បទពិសោធន៍ការងារគ្របគ្រងវិស័យពាណិជ្ជកម្ម
*ទី២៖ សិក្សាស្រាវជ្រាវវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ
*ទី៣៖ សិក្សាស្វែងយល់អំពីការគ្រប់គ្រងវិស័យមួយចំនួនដូចជា៖ សេវាកម្មអាជីវកម្មទេសចរណ៍ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោងធ្វើពាណិជ្ជកម្មជាមួយខេត្តព្រះសីហនុជាដើម។ល។
លោក សូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍជនបទ និងសង្គមកិច្ច បានថ្លែងថា ភាគីឡាវធ្លាប់បានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ៣ដងហើយ តែមកលើកនេះ ឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនណាស់។
លោកបានសំដែងការកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុថា បានជួយធ្វើឲ្យខេត្ត ប្រែមុខមាត់យ៉ាងឆាប់រហ័ស។ ក្នុងនាមជាប្រទេសជិតខាងគ្នា យើងនឹងពង្រឹងពង្រីកទំនាក់ទំនងឲ្យ កាន់តែល្អប្រសើរថែមទៀត។ គណៈប្រតិភូឡាវ សំដែងការកោតសរសើរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានដឹកនាំធ្វើអោយខេត្ដរីកលូតលាស់ខ្លាំង។ លោកក៏ស្នើគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅប្រទេសឡាវ និងមានបំណងបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តចំនួន ២នៅឡាវនៅពេលខាងមុខ។
ក្នុងឱកាសនោះដែរ គណៈប្រតិភូឡាវ ស្នើសុំចែករំលែកបទពិសោធន៍ឬអនុសាសន៍ពីអភិបាលខេត្ដព្រះសីហនុ អំពីការទាក់ទាញអ្នកវិនិយោគអោយចូលមកបណ្តាក់ទុនយ៉ាងច្រើនសំបើមបែបនេះ រួមជាមួយនឹង ការគ្រប់គ្រង់ផងដែរ។
លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានឆ្លើយតបថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជាមានប្រមុខដឹកនាំដ៏ឆ្លាតវៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមកនូវសុខសន្ដិភាពពេញលេញ មានគោលនយោបាយច្បាស់លាស់ មានច្បាប់ការពារអ្នកវិនិយោគ សុវត្ថិភាព សន្ដិសុខល្អ ខេត្តព្រះសីហនុ មានសក្តានុពលផង រួមនឹង
ប្រពៃណីល្អរបស់ប្រជាជនខេត្ដព្រះសីហនុ រុះរាយរាក់ទាក់ជាដើម។ល។
លោក យន្ត មីន បញ្ជាក់ថា នៅខេត្ដព្រះសីហនុ មានអ្នកវិនិយោគចម្រុះជាតិសាសន៍ ១៦ប្រទេស ក្នុងនោះចិនច្រើនជាងគេ អ្នកវិនិយោគចិន ធ្វើការវិនិយោគលឿនជាងសាសន៍ដទៃ។ ពាក់ព័ន្ធការគ្រប់គ្រងដីធ្លីរបស់ក្រុមហ៊ុនវិនិយោគ គឺគេជួល ឬទិញផ្ទាល់ខ្លួនពីឯកជនតែម្តង។ សព្វថ្ងៃអ្នកមកវិនិយោគភាគច្រើនគេទិញ ឬជួល មួយទៀតចំនួនជួលដីពីរដ្ឋបែបសម្បទានរយៈពេល ៥០ឆ្នាំ ។ល។
លោក យន្ត មីន ថា ទន្ទឹមនឹងការរីកចម្រើនក៏មានការប្រឈមខ្លះដែរ នៅពេលមានអ្នកវិនិយោគមកច្រើន តែរដ្ឋបាលខេត្ត ខិតខំដោះស្រាយដោយយកច្បាប់ជាគោល និងមានការសម្របសម្រួលខ្លះដែរតាមសភាពជាក់ស្តែង។ «ខេត្តព្រះសីហនុ មានវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម (មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង មានរោងចក្រចំនួន ១១០ និងកម្មករនិយោជិតជាង ៨០.០០០នាក់ កំពុងធ្វើការ) វិស័យទេសចរណ៍ និងសេវាកម្មផងដែរ។ ខេត្តមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ប្រព័ន្ធគមនាគមន៍ប្រទាក់ក្រឡា និងមានផ្លូវល្បឿនលឿនកំពុងសាងសង់ផងដែរ។ ខេត្ដព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចពិសេស ឧស្សាហកម្មគំរូពហុបំណងតែមួយគត់នៅកម្ពុជា»។
ចំពោះគោលនយោបាយទំនាក់ទំនងអន្តរជាតិ ខេត្តព្រះសីហនុ បានបង្កើតចំណងមិត្តភាពជាមួយប្រទេសដទៃ ដោយបង្កើតជាខេត្តក្រុងសម្ពន្ធ័មេត្រីភាព ឬខេត្តក្រុងបងប្អូន។ តាមរយៈជំនួបនេះ អភិបាលខេត្តព្រះសីហនុ រំពឹងភាគីទាំងពីរ នឹងកាន់តែមានទំនាក់ទំនងគ្នាល្អ និងបានស្នើភាគីឡាវ ជួយជម្រុញទេសចរ និងធុរជនមកខេត្តព្រះសីហនុដែរ៕