(កំពត)៖ ដើម្បីចូលរួមលែករំលែក និងកាត់ន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមមូលដ្ឋាននោះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ អាជ្ញាធរស្រុកទឹកឈូ ខេត្តកំពត បានសហការជាមួយក្រុមហ៊ុន ចិនស៊ីណូហាយដ្រូ វ៉ារីអគ្គីសនី កំចាយ នាំយកអំណោយ ព្រមទាំងសម្ភារសិក្សាមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៥០០នាក់ ស្ថិតនៅក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ការចុះចែកអំណោយ និងសម្ភារសិក្សានេះ ដឹកនាំដោយលោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក វែង ធេហ្វឹង ប្រធានក្រុមហ៊ុន ស៊ី ណូហាយដ្រូ វ៉ារី អគ្គិសនីកំចាយ ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ៖ តំណាងមកពីមន្ទីររ៉ែ និងថាមពល និងមន្ត្រីក្រោមឱវាទ។
នៅក្នុងឱកាសនោះដែរ លោក នាក់ សុវណ្ណារី បានថ្លែងថា ស្រុកទឹកឈូ គឺជាស្រុកមួយនៃខេត្តកំពត ពិសេសឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង ៦៦៦៦៦៦ ក៏ជាឃុំមានលក្ខណៈអំណោយផលល្អលើធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍ។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ពេញលេញ នៅលើផ្ទៃប្រទេស ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ និងការប្រកបមុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានជីវភាព កាន់តែប្រសើរឡើងៗ ហើយបើតាមស្ថិតិនៅក្នុងឆ្នាំ២០១៨ អត្រានៃភាពក្រីក្រ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានថយចុះមកនៅត្រឹម ១១,៧%ប៉ុណ្ណោះ។
ជាមួយឱកាសនោះ លោក នាក់ សុវណ្ណារី ក៏បានកោតសរសើរដល់ក្រុមហ៊ុនស៊ីណូហាយដ្រូ វ៉ារី អគ្គិសនី កំចាយ ដែលកន្លងមកតែងតែសហការល្អ ក្នុងកិច្ចការអភិវឌ្ឍន៍វិស័យអគ្គិសនីកម្ពុជា ជាមួយរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងបានចូលរួមជួយសំរាលដល់ការខ្វះខាត របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ។
បន្ថែមពីនេះ លោកអភិបាលស្រុកក៏បានបន្តចាត់ទុកកម្មវិធី ជួបជុំប្រជាពលរដ្ឋលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ នាពេលនេះ ក្រៅពីបានទទួលនូវអំណោយសប្បុរសធម៌ដល់ដៃហើយនោះ គឺការងារដែលមានសារប្រយោជន៍ និងសំខាន់ថែមទៀត គឺប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ក៏បានទទួលបន្ថែមទៀត នូវចំណេះដឹងអំពីបញ្ហានៃការបង្ការគ្រោះថ្នាក់ដោយយថាហេតុនូវបង្គោល និងប្រព័ន្ធខ្សែបណ្ដាញបញ្ជូនចរន្តអគ្គិសនី ដែលមានឋាមពលតង់ស្យុងខ្ពស់ឆ្លងកាត់ភូមិសាស្ត្រមូលដ្ឋាននេះ ផងដែរ។
ជាមួយគ្នានេះដែរ លោក វែង ធេហ្វឹង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា អំពីការបង្ការនៃគ្រោះថ្នាក់ ដោយយថាហេតុ គឺហាមដាច់ខាតការជីកកាយដីការសាងសង់អាគារលំនៅដ្ឋាន ឬដាំដុះដើមឈើហូបផ្លែផ្សេងៗ នៅជិតបង្គោល ឬក្រោមខ្សែបញ្ជូនចរន្តអគ្គិសនី ដែលត្រូវបានអ្នកជំនាញ និងច្បាប់ហាមឃាត់៕