(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ០៥ មិថុនា ២០១៩ ក្រោមប្រធានបទ «ការបំពុលខ្យល់» នៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ការរៀបចំពិធីនេះឡើង មានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន ធ្វើឱ្យបរិស្ថានស្អាត គ្មានសំរាមពាសវាសវាលពាសកាល បណ្តុះគំនិតស្មារតី ឱ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ពិសេសស្របពេលដែលរដ្ឋបាត់ខេត្តបាត់ដំបង បាននឹងកំពុងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាព ឱ្យបានស្អាតនៅក្នុងទីរួមខេត្ត និងគ្រប់ទីកន្លែងផងដែរ៕