(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានក្រោមឱវាទទាំងអស់ ត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ការពារឲ្យបានដាច់ខាតសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល និងត្រូវបែងចែកឲ្យច្បាស់មិត្ត និងសត្រូវ។
នៅក្នុងពិធីចែកអាវភ្លៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងទ័ពរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកមេបញ្ជាការកងពល បានណែនាំឲ្យកងទ័ពទាំងអស់ ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងមិនត្រូវជឿតាមការញុះញុងរបស់ជនណា ឬក្រុមណាមួយដែលមាននិន្នាការប្រឆាំងជាដាច់ខាត។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងទ័ព និងគ្រួសារកងទព័របស់យើង។ ជាក់ស្តែង នៅរដូវវស្សាសម្តេចតែងផ្តល់អាវភ្លៀង និងរដូវរងាសម្តេចតែងផ្តល់អាវរងារឲ្យជានិច្ច លោកថា បើធៀបកាលពីជំនាន់មុនៗ មិនដែលមានទេ។
ជាមួយគ្នានោះ លោកមេបញ្ជាការក៏បានណែនាំឲ្យទាហានគ្រប់រូប ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ខិតខំហ្វឹកហ្វឺន ពិសេសគោរពឲ្យបានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទព័ជើងគោក៕