(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនពីរ៖ «សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥» និង «សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
«សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥» និង «សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម» គឺឯកសារមានសារៈសំខាន់របស់រាជរដ្ឋាភិបាល លើការងារកែទម្រង់ ដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រ ដល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចឱ្យបាន នូវចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងធានាបានការអនុវត្តន៍ ប្រកបដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក៏ដូចជាយុទ្ធសាស្រ្តនានា ដើម្បីជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
១៖ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥៖
សេចក្តីព្រាងយុទ្ធសាស្រ្ត ផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់ដល់ការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍ហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥» ។ ក្នុង គោលដៅជំរុញលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមរយៈបរិយាប័ន្នហិរញ្ញវត្ថុ។
សេចក្តីព្រាងយុទ្ធសាស្រ្ត បានបង្ហាញពីគោលនយោបាយ ចក្ខុវិស័យ និងទិសដៅក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព, កាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពគ្រួសារ ក៏ដូចជា គាំទ្រដល់កំណើនសេដ្ឋកិច្ច ។
សេចក្តីព្រាងយុទ្ធសាស្រ្ត ក៏បានរំលេចចេញជាសកម្មភាពអាទិភាពដូចជា៖ លើកទឹកចិត្តឲ្យមានការសន្សំនៅតាម គ្រឹៈស្ថានហិរញ្ញវត្ថុផ្លូវការ, ជំរុញនវានុវត្តន៍ផលិតផលឥណទាន សម្រាប់សហគ្រាសធុនតូចបំផុត តូច និង មធ្យម, ពង្រីកសមត្ថភាពប្រព័ន្ធទូទាត់, ពង្រីកការផ្តល់សេវាធានារ៉ាប់រងឲ្យបានទូលំទូលាយ, ពង្រឹងសមត្ថភាពនិយ័តករវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សិទ្ធិអតិថិជន និងបង្កើនតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ។
យុទ្ធសាស្រ្ត នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋដែលពុំទាន់មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាសហគ្រាសធុនតូចបំផុត តូច និង មធ្យម នូវឱកាសបង្កើតធុរៈកិច្ច បង្កើនលទ្ធភាពវិនិយោគ និងទទួលបានសេវាប្រឹក្សាសេវាហិរញ្ញវត្ថុ ជាដើម ។
២៖ ច្បាប់ស្តីពីរបបសន្តិសុខសង្គម៖
«ច្បាប់ស្តីពីរបបសន្តិសុខសង្គម» មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមនៃកម្ពុជា ក្នុងគោលដៅធានាឱ្យមានសមធម៌ និងសាមគី្គធម៌សង្គម ក៏ដូចជា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ច្បាប់នេះ មានគោលដៅកំណត់អំពីគោលការណ៍ទូទៅបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គម ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែក និកម្មភាពការងារ ។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ, បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ។
អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្រ្ត និងច្បាប់ទាំងពីរនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅ បន្ថែមទៀតលើខ្លឹមសារតាមផ្នែកនីមួយៗ ដើម្បីជាធាតុចូលបន្ថែមទៀត សម្រាប់ក្រុមការងារបន្តធ្វើការកែលម្អ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំ សហការរៀបចំឯកសារដ៏មានសារៈសំខាន់ទាំងពីរ និងបានណែនាំឲ្យក្រុមការងាររៀបចំឯកសារទាំងពីរ និងក្រុមការងារអន្តរក្រសួង បន្តផ្តល់កិច្ចសហការ និងធ្វើការផ្ទាល់ជាមួយអ្នកពាក់ព័ន្ធ កែសម្រួលចំណុចដែលនៅខ្វះខាត ដើម្បីឱ្យឯកសារនេះកាន់តែមានលក្ខណៈពេញលេញអនុវត្ត និងគ្រប់ជ្រុងជ្រោយ៕