(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ជាមួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងអនុម័តលើផែនការយុទ្ធសាស្ត្រ នៃសកម្មភាពកីឡាទូកកានូ ទូករ៉ូម៉ាំង និងទូកប្រពៃណី «ទូកនាគ» ឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
សកម្មភាពហ្វឹកហាត់ និងការប្រកួតនៅក្នុងប្រទេស រួមមាន៖ ប្រកួតជើងឯកតាមភូមិភាគទាំង៥ ចាប់ពីឆ្នាំ២០១៩ តទៅ, ប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិទូទាំងប្រទេស និងប្រកួតសាល្បងថ្នាក់តំបន់ និងថ្នាក់អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ២០១៩តទៅ និងការទៅចូលរួមប្រកួតកីឡាទូកថ្នាក់អន្តរជាតិ តាមការអញ្ជើញរបស់អន្តរជាតិ៖ ក្នុងតំបន់ ក្នុងទ្វីប និងកម្រិតពិភពលោក។
ដោយឡែក របៀបវារៈមួយទៀត គឺការស្វែងរកថវិកាទ្រទង់ រួមមាន៖ ការជួយឧបត្ថម្ភពី ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល, ការបង់សិទ្ធិ សមាជិកភាពរបស់សហព័ន្ធ, ការបង្កើតមូលនិធិទ្រទ្រង់សកម្មភាពកីឡាទូកទាំងបី (០៣) ប្រភេទ តាមការអំពាវនាវ និងការធ្វើការងារទីផ្សារកីឡា ដូចជា ស្នើសុំការអនុញ្ញាតពីរដ្ឋបាលរាជធានី ខេត្ត រៀបចំពិព័ណ៍សម្រាប់ស្វែងរកមូលនិធីទ្រទ្រង់សកម្មភាព នៃការប្រកួតកីឡាទូកតាមបណ្តាភូមិភាគទាំង៥ និងចលនាឧបត្ថម្ភ ពីបណ្តាក្រុមហ៊ុនដៃគូ ជាមួយទូរទស្សន៍ជាដៃគូណាមួយ៕