(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានដាក់ចេញឱ្យអនុវត្តនូវប្រកាសលេខ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ដីពីកាតព្វកិច្ចប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍របស់ប្រតិបត្តិករទេសចរណ៍ ក្នុងគោលដៅធានាថា សេវាកម្មទេសចរណ៍ ដែលប្រតិបត្តិករទេសចរណ៍ផ្ដល់ជូនភ្ញៀវ ទេសចរ ជាសេវាកម្មដែលមានគុណភាព មានសុវត្ថិភាព និងអាចជឿទុកចិត្តបាន។
ក្នុងប្រកាសនេះ ក៏បានណែនាំលម្អិតដល់ប្រតិបត្តិករទេសចរណ៍ឱ្យមាននូវបញ្ជីរាយនាមសេវាកម្មទេសចរណ៍ផ្ទាល់សម្រាប់អាជីវកម្មរបស់ខ្លួន និងត្រូវដាក់ឱ្យប្រើប្រាស់ ឬតាំងបង្ហាញ ក្រោមទម្រង់ដូចតទៅ៖
១៖ ត្រូវសរសេរជា ០៣ ភាសាយ៉ាងតិច រួមមានភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេស នៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាព ជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម
២៖ ប្រភេទនៃសេវាកម្មទេសចរណ៍នីមួយៗ គួរមានបង្ហាញជារូបភាព ឬការបរិយាយសេវាកម្ម
៣៖ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ
៤៖ ត្រូវមានបញ្ជាក់ពីសេវាកម្មដែលភ្ជាប់ជាមួយ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ
៥៖ ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន និង ៦៖ ត្រូវផ្ដល់ជូនភ្ញៀវទេសចរមុនពេលពួកគេសម្រេចចិត្តប្រើប្រាស់ ឬទទួលយកសេវាកម្មទេសចរណ៍នោះ។
យ៉ាងណាមិញ យើងក៏សង្កេតឃើញថា មានអាជីវកម្មសេវាកម្មទេសចរណ៍ជាច្រើន នៅទូទាំងប្រទេសបានអនុវត្តត្រឹមត្រូវតាមការណែនាំខាងលើ ប៉ុន្តែក៏នៅមានអាជីវកម្មខ្លះៗពុំទាន់បានរៀបចំត្រឹមត្រូវតាមការណែនាំនៅឡើយទេ។
ក្នុងន័យនេះ ដើម្បីក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ឱ្យបានត្រឹមត្រូវ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីខ្លឹមសារប្រកាស និងសារាចរណែនាំពាក់ព័ន្ធនឹងការរៀបចំបញ្ជីមុខម្ហូបឱ្យបានត្រឹមត្រូវ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ដល់ មន្រ្តីច្រកចេញចូលតែមួយ និងមន្ទីរទេសចរណ៍ទូទាំងប្រទេស នាព្រឹកថ្ងៃអង្គារ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩៕