(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៣កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ មនុស្សធម៌ និងរៀបចំអាហារដល់ កុមារពិការ បុគ្គលិក និងអ្នកស្ម័គ្រចិត្តបរទេស ចំនួន ២២៥នាក់ នៃបុរីទារក និងកុមារជាតិ និងកុមារ-បុគ្គលិកចំនួន៥០នាក់ នៃអង្គការទន្សាយ (មានថ្នាក់រៀននៅក្នុងបុរីទារក និងកុមារជាតិ) ដែលស្ថិតនៅភូមិតំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចជាកាល តែងតែអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ដោះស្រាយរាល់ការលំបាកទាំងអស់ ដល់ក្មួយៗចៅប្រុស ចៅស្រី ដែលជាកុមារកំព្រាអនាថា និងពិការភាព ជនទុរគតប្រកបដោយព្រហ្មវិហារធម៌ វិសេសថ្លៃថ្លា។
ជាពិសេស រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន អ្នកម្តាយមនុស្សធម៌ គ្រប់ពេលវេលាជួយដោះស្រាយ និងសម្រាលរាល់ទុក្ខលំបាករបស់កូនចៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ៕