(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧៖៣០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០(GS10-F7) និង អនុស្ថានីយទី៥(GS5-F11) មូលហេតុដោយសារមានបាតុភូតភ្លៀងខ្យល់ខ្លាំងបណ្តាលឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន២៤ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង ភូមិអង្គ ភូមិអង្គខាងលិច ភូមិកន្ទាក ភូមិអង្គកែវ និង ភូមិស្ងួនពេជ្រ សង្កាត់កន្ទាក (២) ភូមិអង្កែវ សង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (៣)ឃុំបែកចាន ឃុំក្រាំងម្កាក់ និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ ដើម្បីធ្វើការដាំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ឡើងវិញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់តាមរយៈទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ «អគ្គិសនីកម្ពុជា-EDC»។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕