(ឡុងដ៍)៖ មិនខុសពីការលើកឡើងកន្លងមកនោះឡើយ គឺលោក ដូណាល់ ត្រាំ មកកាន់ ចក្រភពអង់គ្លេសពេលនេះមានគោលដៅច្រើន ដោយក្នុងនោះលោកបានសាទរទំនាក់ទំនង ជាប្រវត្តិសាស្ត្រមិនអាចកាត់ផ្តាច់បានរវាងប្រទេសទាំងពីរ និងសន្យាថា សហរដ្ឋអាមេរិកនឹងបង្កើតពាណិជ្ជកម្មជាមួយអង់គ្លេស ឲ្យបានទ្វេដង ឬលើសនេះទៀត បន្ទាប់ពីអង់គ្លេសចាកចេញពីអឺរ៉ុបរួចរាល់។ នេះបើតាមការចេញផ្សាយដោយ BBC នាយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
ដោយឡែកនៅក្នុងឱកាសនៃកិច្ចពិភាក្សាគ្នាជាមួយលោក ដូណាល់ ត្រាំ លោកស្រីនាយករដ្ឋមន្ត្រីជិតផុតតំណែងជាងផ្លូវការ ថេរ៉េសា ម៉ាយ (Theresa May) ក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងដ៏អស្ចារ្យរវាងអាមេរិក និងអង់គ្លេស ដែលត្រូវតែបន្តកសាងទៅមុខទៀត។ មេដឹកនាំទាំងពីរបានពិភាក្សាគ្នា អំពីការប្រែប្រួលអាកាសធាតុ និងការធ្វើពាណិជ្ជកម្មរបស់អង់គ្លេស ជាមួយក្រុមហ៊ុនចិន Huawei ផងដែរ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសមិនទាន់មានការបញ្ជាក់ច្បាស់លាស់ អំពីបញ្ហានេះនៅឡើយទេ បើទោះបីជាមេដឹកនាំអាមេរិកមកកាន់ទីនេះ ដើម្បីជម្រិតអង់គ្លេសឲ្យដកដៃពី Huawei ដើម្បីគាំទ្រទណ្ឌកម្មខ្លួនលើក្រុមហ៊ុនចិននោះក៏ដោយ។
ដោយឡែកងាកទៅកាន់ក្រុមអ្នកតវ៉ាវិញ ក៏បានបន្តប្រមូលផ្តុំគ្នាដដែលនៅទីក្រុងឡុងដ៍ ដើម្បីសម្តែងការប្រឆាំងវត្តមានលោក ដូណាល់ ត្រាំ នៅលើទឹកដីរបស់ពួកគេ។ ជុំវិញការធ្វើ បាតុកម្មនេះ ប្រធានគណបក្សពលករអង់គ្លេសគឺលោក Jeremy Corbyn បានអំពាវនាវឲ្យលោក ត្រាំ «គិតគូរអំពីសន្តិភាព» នៅចំពោះមុខក្រុមអ្នកតវ៉ាទាំងឡាយនៅសង្កាត់ Westminster។ បន្ថែមពីនេះក្រុមអ្នកតវ៉ាក៏គ្រោងប្រមូលផ្តុំនៅ Birmingham, Stoke, Sheffield, Glasgow, Edinburgh, Chester, Leicester, Oxford និង Exeter ផងដែរ ដើម្បីសម្តែងការប្រឆាំងនឹង លោក ដូណាល់ ត្រាំ ដែលមកបំពេញទស្សនកិច្ចទីនេះ០៣ថ្ងៃ គិតចាប់ពីថ្ងៃចន្ទ។
លោក Corbyn បានបដិសេធការចូលរួមទទួលទានអាហារពេលល្ងាច ដើម្បីទទួលលោក ដូណាល់ ត្រាំ ហើយងាកមកធ្វើចូលរួមបាតុករតវ៉ា ដែលមានគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សបៃតង (Green Party) កំពុងចូលរួមយ៉ាងសកម្ម។ លោក Corbyn ក៏បានធ្វើការរិះលោក ដូណាល់ ត្រាំ ចំពោះពាក្យសម្តីវាយប្រហាររបស់ប្រធានាធិបតី អាមេរិក រូបនេះទៅលើអភិបាលក្រុងឡុងដ៍ លោក Sadiq Khan ដែលគ្រប់គ្នាស្គាល់ថា ជាជនជាតិម៉ូស្លីមដំបូងដែលបានកាន់តំណែងនេះ។
គួរបញ្ជាក់ថា អភិបាលក្រុងឡុងដ៍លោក Khan បានការពារជំហរលោក Corbyn ដែលជាមេបក្សរបស់ខ្លួន ក្នុងការបដិសេធចូលរួមពិធីទទួលទានអាហារពេលល្ងាចជាមួយ លោក ដូណាល់ ត្រាំ នៅក្នុងព្រះរាជវាំងបាកឃីងហាំ ដែលត្រូវបានរៀបចំឡើងដោយរាជវង្សអង់គ្លេស។ ការទទួលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ពេលនេះដូចជាខ្មៅងងឹតទៅដោយ បាតុកម្ម ខណៈក្រុមអ្នកតវ៉ាសុខចិត្តឈរនៅតាមដងវិធីទាំងកណ្តាលភ្លៀង ដើម្បីសម្តែងការប្រឆាំង។ ពួកគេភាគច្រើនបានស្រែកទាមទារឲ្យអាមេរិកបញ្ឈប់ ការបង្កសង្គ្រាម ការរើសអើង ការជួញដូរអាវុធ និងអំពើខុសឆ្គងនានាលើពិភពលោក៕