(ពោធិ៍សាត់)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ដ្រីក្រុមការងារសុខាភិបាលរាជធានីខេត្ដ និងមានការអញ្ជើញចូលរួមពីអភិបាលខេត្ដពោធិ៍សាត់ លោក ម៉ៅ ធនិន និងដៃគូពាក់ព័ន្ធ ចុះស្វែងយល់ពីស្ថានភាពជំងឺគ្រុនចាញ់ ក្នុងតំបន់ត្រីកោណ (តំបន់ភ្នំក្រវាញ/ឱរ៉ាល់ រវាងខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្ដកំពង់ស្ពឺ)។
ក្នុងឱកាសរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ដោយករណីជំងឺគ្រុនចាញ់ តាមស្រុកប្រតិបត្តិទូទាំងប្រទេស យើងឃើញថានៅស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ មានករណីជំងឺគ្រុនចាញ់ច្រើនជាងគេ ដូច្នេះ ក្រុមការងារ និងដៃគូពាក់ព័ន្ធ បានចុះមកស្វែងយល់ដោយផ្ទាល់បន្ថែមទៀត ដល់តំបន់ដែលជាប្រភពចម្លងពិតប្រាកដ នៃជំងឺគ្រុនចាញ់ ដើម្បីបង្កើតជាអនុសាសន៍ បន្ដបន្ទាប់យ៉ាងមានប្រសិទ្ធភាព ក្នុងការចុះអនុវត្ដន៍។
រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា «ថ្ងៃនេះដែរ យើងក៏បានចុះមកអប់រំណែនាំ ពីការការពារខ្លួន ពីជំងឺគ្រុនចាញ់ និងចែកនូវសម្ភារមួយចំនួន ដោយមាននូវមុងជ្រលក់ថ្នាំ ថ្នាំពេទ្យជាដើម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅចំនុចអូរជ្រៅ ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធ៍សាត់ ។ទន្ទឹមនឹងនោះ យើងក៏បានអប់រំពួកគាត់
ត្រូវបង្ការកុំឱ្យមូសដែកគោលញីខាំ ត្រូវប្រើមុងជ្រលក់ថ្នាំជាប់ជានិច្ច ប្រសិនបើមានសភាពមិនស្រួល ដូចជាក្ដៅខ្លួន ញាក់ បែកញើសនោះ សូមប្រញាប់ទៅធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានឆាប់រហ័ស ដែលនៅជិតបំផុត ឬតាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ បានទាន់ពេលវេលា»។
លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីបង្រួមករណីជំងឺគ្រុនចាញ់នេះ មន្ដ្រីរបស់យើង និងដៃគូសហការ តែងតែធ្វើការចុះណែនាំជាប់ជានិច្ច ទៅដល់ប្រជាពលរដ្ឋ និងចែកជូននូវមុងជ្រល់ថ្នាំ ដល់ពួកគាត់ និងសេវាព្យាបាលដោយឥតគិតថ្លៃទៀតផង ជាពិសេស បន្ដពន្យល់គាត់ ឱ្យប្រើបា្រស់នូវមុងជ្រលក់ថ្នាំជានិច្ច ពេលចុះចូលទៅក្នុងព្រៃ និងនៅក្បែរតំបន់ប្រភពងាយចម្លងជំងឺគ្រុនចាញ់នេះ។ ក្រៅពីនោះ ត្រូវស្លៀកពាក់ខោអាវ ឱ្យបានជិតៗ ហើយកន្លងមកនេះ យើងក៏បានធ្វើការអប់រំ និងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផងដែរ ដើម្បីឱ្យមានការយល់ដឹងកាន់តែច្រើនទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជៀសផុត ពីការរងគ្រោះដោយជំងឺគ្រុនចាញ់» ។
រដ្ឋមន្ដ្រី បញ្ជាក់បន្ថែមថា ដោយក្នុងឆ្នាំ២០១៨កន្លងមកនេះ គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះឡើយ (សូន្យករណី) ហេតុនេះ យើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាង ឱ្យករណីចម្លងនៃជំងឺគ្រុនចាញ់ទៅប្រជាពលរដ្ឋ ឬឈឺធ្លាក់ចុះដល់ចំនុចសូន្យដូចគ្នាផងដែរ ដើម្បីយើងឈានទៅសម្រេចដល់គោលដៅ លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅឆ្នាំ២០២៥ ដូច្នេះហើយ យើងត្រូវខិតខំធ្វើយ៉ាងម៉េច ដើម្បីឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមការពារខ្លួនឯង ដែលនេះជាកត្ដាសំខាន់បំផុត ដើម្បីសម្រេចទៅដល់គោលដៅ ដែលយើងបានគ្រោងទុក ។
ជាមួយគ្នានោះដែរ អភិបាលខេត្ដពោធិ៍សាត់ លោក ម៉ៅ ធនិន បានថ្លែងផងដែរថា «ដើម្បីចូលរូមកាត់បន្ថយ ឬបង្រួមករណីជំងឺគ្រុនចាញ់ឱ្យកាន់តែមានការធ្លាក់ចុះ ស្របពេលដែលនៅស្រុកភ្នំក្រវាញ ជាស្រុកដែលសម្បូរដោយព្រៃឈើ ហើយតំបន់ភ្នំ ដែលធ្វើឱ្យមានករណីគ្រុនចាញ់សម្បូរជាងគេ, ក្នុងនាមជាអាជ្ញាធរខេត្ដ យើងបានប្តេជ្ញា និងសហប្រតិបត្ដិ ការជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយអប់រំបន្ថែមទៀត ដល់ប្រជាពលរដ្ឋយើង ឱ្យកាន់តែមានការយល់ដឹងកាន់តែច្បាស់។ ជាងនេះទៅទៀត យើងនឹងចាត់វិធានការបន្ថែម ដោយធ្វើយ៉ាងណា ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ក្នុងឆ្នាំ២០២៥ ។
ទន្ទឹមនឹងនោះអភិបាលខេត្ដពោធិ៍សាត់ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទទួលយកនូវការណែនាំអប់រំនេះ និងអនុវត្ដន៍ទៅតាមការណែនាំរបស់គ្រូពេទ្យ ជុំវិញការធ្វើតេស្ដឈាម ទទួលទានថ្នាំពេទ្យ ប្រើប្រាស់ជាប់ជានិច្ចជាមួយនឹងមុងជ្រលក់ថ្នាំ ដើម្បីជៀសផុតពីជំងឺគ្រុនចាញ់នេះ ។
សូមជម្រាបថា ករណីជំងឺគ្រុនចាញ់ តាមស្រុកប្រតិបត្តិទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ស្រុកក្រវាញ ខេត្ដពោធិ៍សាត់ មានករណីជំងឺគ្រុនចាញ់ ចំនួន ១,៥១៧ករណី ស្មើនឹង១៥% ច្រើនជាងគេ ក្នុងចំណោមស្រុកប្រតិបត្ដិទាំង៥៣ ដែលមានចំនួន២១ខេត្ដ។ ក្នុងនោះ សែនមនោរម្យ ខេត្ដមណ្ឌលគិរី មានចំនួន ១,២៥៥ ១២%, ខេត្ដស្ទឹងត្រែង មានចំនួន ១,០៧០ ស្មើនឹង១០%, ត្បែងមានជ័យ ខេត្ដព្រះវិហារ មាន៩២៩ករណី ស្មើនឹង៩%, កំពង់ស្ពឺ មាន៨៦៨ករណី ស្មើនឹង៨%, ក្រចេះ មានចំនួន ៦៨៨ករណី ស្មើនឹង៧%, ស្រុកបានលុង ខេត្ដរតនគិរី មានចំនួន ៥៤៥ ស្មើនឹង៥%, នៅក្រគរ ខេត្ដពោធិ៍សាត់ មាន៥០៧ ស្មើនឹង៥% និងតាមបណ្ដាស្រុកផ្សេងទៀត មានករណីទាបបំផុត។ សម្រាប់ខេត្ដ ព្រៃវែង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ មិនមានករណីគ្រុនចាញ់នោះទេ៕